(វ៉ាសូវី)៖ រដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានប្រាប់បទសម្ភាសន៍មួយនៅថ្ងៃអង្គារនេះថា ប៉ូឡូញ មិនគួរច្រានចោលលទ្ធភាពបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនទេ ខណៈដែលទីក្រុងកៀវកំពុងទប់ទល់នឹងការវាយលុករបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០២៤។

ឆ្លើយតបនឹងសំណួរថា តើប៉ូឡូញបានត្រៀមខ្លួនក្នុងការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ឬយ៉ាងណានោះ? លោក Sikorski និយាយថា «យើងមិនគួរច្រានចោលលទ្ធភាពនេះទេ។ យើងគួរតែទុកឱ្យ លោក ពូទីន ទាយពីចេតនារបស់យើង»។ យ៉ាងនេះក្តី លោក Sikorski មិនបានបញ្ជាក់ទេថាតើលទ្ធភាពបែបណា ដែលទាហានប៉ូឡូញ នឹងចូលរួមនោះ។ កន្លងមក លោក Sikorski ផ្ទាល់ក៏ធ្លាប់បានលើកឡើងដែរថា វត្តមានកងទ័ពណាតូនៅអ៊ុយក្រែនគឺជារឿង «មិននឹកស្មានដល់»។

គួរបញ្ជាក់ថា ស្របពេលដែលសម្ព័ន្ធមិត្តណាតូ ប្តេជ្ញាផ្គត់ផ្គង់អ៊ុយក្រែនជាមួយនិងថវិកា ក៏ដូចជាអាវុធឱ្យបានយូរតាមតម្រូវការ ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៉ី ជាទូទៅពួកគេបានច្រានចោលនូវលទ្ធភាពបញ្ជូនកងទ័ព។ ប៉ុន្តែប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងនូវលទ្ធភាពបញ្ជូនកងទ័ពទៅអ៊ុយក្រែន នៅក្នុងសន្និសីទទីក្រុងប៉ារីស កាលពីថ្ងៃទី២៦ ខែកុម្ភៈ ដោយឱ្យយោបល់ថា ផ្នែកមួយដែលកងទ័ពលោកខាងលិចអាចជួយបាន នោះគឺការបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅលើទឹកដីអ៊ុយក្រែនតែម្តង៕