(ព្រុចសែល)៖ នៅថ្ងៃអង្គារនេះ អ៊ុយក្រែននិងបែលហ្ស៉ិក បានចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ដែលរួមមានទាំង ការផ្តល់យន្តហោះចម្បាំង F-16 ចំនួន៣០គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខា រវាងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងនាយករដ្ឋមន្រ្តីបែលហ្ស៉ិក លោក Alexander De Croo អំឡុងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី មកកាន់ប្រទេសបែលហ្ស៉ិក។ លោកប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ថា យន្តហោះចម្បាំង F-16 ទាំង៣០គ្រឿងនោះ នឹងត្រូវប្រគល់គ្រប់ចំនួនឱ្យអ៊ុយក្រែន រហូតដល់ឆ្នាំ២០២៨ ដែលបើយោងតាម ​រដ្ឋមន្រ្តីការបរទេសបែលហ្ស៉ិក លោកស្រី Hadja Lahbib គឺភាគីបែលហ្ស៉ិកសង្ឃឹមថា ដំណើរការប្រគល់ពួកវា នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។

គួរបញ្ជាក់ថា បើតាមលោក ហេ្សលេនស្គី ក្នុងឯកសារកិច្ចព្រមព្រៀងខាងលើ ក៏រួមមាននូវជំនួយយោធាទំហំយ៉ាងហោច ៩៧៧លានអឺរ៉ូពីបែលហ្ស៉ិក សម្រាប់អ៊ុយក្រែន នៅក្នុងឆ្នាំ២០២៤នេះ ព្រមទាំងការប្តេជ្ញារបស់បែលហ្ស៉ិក ក្នុងការបន្តផ្តល់ការគាំទ្រ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។ ដោយឡែក កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ហ្សេលេនស្គី បានទៅបំពេញទស្សនកិច្ចនៅអេស៉្បាញ ហើយបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងម៉ាឌ្រីដ ដែលរួមមានទាំង ការប្តេជ្ញាផ្តល់ជំនួយយោធាទំហំ ជាង១ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំនេះ។ កន្លងមក អ៊ុយក្រែនក៏បានចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីស្រដៀងគ្នា ជាមួយបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ជាដើម រួចហើយផងដែរ៕