(កៀវ/មូស្គូ)៖ រុស្ស៊ីនិងអ៊ុយក្រែនបានបង្ហាញនូវគំនិត២ផ្សេងគ្នា នៃការរកសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែនដែលគំរោងទាំង២នេះ ត្រូវគេនិយាយថាសុទ្ធតែមានល្បិចផ្សេងគ្នាដោយមិនប្រើ ប្រាស់នូវនយោបាយឈ្នះឈ្នះសម្រាប់ទាំងអស់គ្នាឡើយ។ តើផែនការណ៍សន្តិភាពរបស់ ភាគីជម្លោះទាំងសងខាងនេះ មានអ្វីខ្លះ?

អ៊ុយក្រែនស្វែងរកសន្តិភាពមួយ ដោយការរកសម្លេងគាំទ្រភាគច្រើននៃប្រទេសលើពិភពលោក ដើម្បីបង្ខំឱ្យរុស្ស៊ីដកកងកម្លាំង របស់ខ្លួនចេញពីទឹកដីអ៊ុយក្រែន…ចំណែករុស្ស៊ីចង់ឱ្យមានការចរចាឈប់បាញ់គ្នាដោយ ត្រូវ ទទួលស្គាល់លើខ្សែបន្ទាត់ ដែលមានកម្លាំងទាហានគ្រប់គ្រងបច្ចុប្បន្ន នៅលើសមរភូមិខណៈ ពេលនេះរុស្ស៊ីគ្រប់គ្រងទឹកដីអ៊ុយក្រែន ប្រមាណ១៨ភាគរយហើយ។

***កិច្ចប្រជុំកំពូលសន្តិភាពដែលស្នើដោយអ៊ុយក្រែន

លោកហ្សេឡិនស្គីអំពាវនាវមេដឹកនាំពិភពលោកជាពិសេសមេដឹកនាំអាមេរិកលោកចូបៃដិន និងមេដឹកនាំចិនលោកស៊ីជីនពីង សូមឱ្យជួយគាំទ្រ កិច្ចប្រជុំកំពូលសន្តិភាពរបស់លោក ដែល នឹងរៀបក្នុងខែមិថុនាខាងមុខនេះក្នុងប្រទេសស្វីស។ ប៉ុន្តែកិច្ចប្រជុំកំពូលរកសន្តិភាពខាងមុខនេះ បានបដិសេធភាគីរុស្ស៊ីមិនឱ្យចូលរួមឡើយ។

លោក Zelenskyy ថ្លែងក្នុងវីដេអូជាភាសាអង់គ្លេសកាលពីថ្ងៃសុក្រទី២៤ឧសភា បាននិយាយ ថា «មិនមានប្រទេសណា ដែលអាចបញ្ឈប់សង្រ្គាមបែបនេះ តែម្នាក់ឯងដោយគ្មាន ការជួយឬពាក់ព័ន្ធការចូលរួមរបស់ មេដឹកនាំពិភពលោកនោះឡើយ»។ ប៉ុន្តែលោកមិនបញ្ជាក់ថាតើ ការរកសន្តិភាពដោយគ្មានរុស្ស៊ីចូលរួមនោះ នឹងអាចមានសន្តិភាពពិតប្រាកដបានដែរឬយ៉ាងណា ឡើយ។

កិច្ចប្រជុំកំពូលសន្តិភាព ដែលគ្រោងរៀបចំដោយប្រទេសស្វីសនោះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥និង១៦ ខែមិថុនាឆ្នាំ២០២៤។ នៅក្នុងវីដេអូដដែលនោះ លោកហ្សេឡិន បានថ្លែងបញ្ជាក់ថា មានប្រទេសជាង៨០គ្រោងនឹង ចូលរួមដែលចំនួនចូលរួមនេះ នឹងអាចក្លាយសម្ពាធមួយដល់រុស្ស៊ី បើសិនជាលទ្ធផលនៃកិច្ចប្រជុំនោះ នឹងចេញសេចក្តីសម្រេចណាមួយ ដាក់សម្ពាធមកលើរុស្ស៊ីមែននោះ។ ប្រធានាធិបតីស្វីស លោកស្រី Viola Amherd បានថ្លែងកាលពីថ្ងៃទី ១៥ ខែឧសភា ថាលិខិត អញ្ជើញចំនួន១៦០ ត្រូវបានបញ្ជួនចេញទៅក្នុងនោះរួមមានប្រទេសក្នុងទ្វីបអាមេរិក ខាងត្បូង, ទ្វីបអាហ្វ្រិក និងនៅមជ្ឈិមបូព៌ា ដែលសុទ្ធសឹងតែបានបញ្ជាក់តប អំពីការនឹងចូលរួម របស់ពួក គេក្នុងកិច្ចប្រជុំកំពូលសន្តិភាពនោះ។

លោក Zelenskyy នៅជាមួយគ្នានោះ បានថ្លែងអំពាវនាវដល់បណ្តាមេដឹកនាំពិភពលោកដទៃ ទៀតដែលមានឥទ្ធិពលគឺ មេដឹកនាំអាមេរិក លោក ចូបៃដិន និងមេដឹកនាំចិនលោកស៊ីជីនពីង ដែលស្និទ្ធនឹងរុស្ស៊ីដើម្បីជួយគាំទ្រកិច្ចប្រជុំកំពូលសន្តិភាព ក្នុងបំណងដាក់សម្ពាធមកលើរុស្ស៊ី នេះ។ លោក ហ្សេឡិនស្គី បានថ្លែងជំរុញមេដឹកនាំពិភពលោក ដែលចូលរួម «សូមបង្ហាញ នូវភាពដឹកនាំរបស់ពួកគេ នៅក្នុងការជួយជំរុញ សន្តិភាពឱ្យកើតមាន ដែលជាសន្តិ ភាពពិតប្រាកដនិងមិនមែនសន្តិភាពដោយគ្រាន់តែជា ការផ្អាកការវាយប្រហារគ្នានោះទេ»។ លោកហ្សេឡិនស្គី បាន ថ្លែងបន្តថា «កិច្ចប្រឹងប្រែងដែលមាន ការចូលរួមភាគច្រើនរបស់ពិភពលោក គឺជាការធានាដ៏ ល្អបំផុតដែលប្តេជ្ញាឱ្យការស្វែងរកសន្តិភាពមួយ នឹងត្រូវបានសម្រេចឡើយ»។ លោក ហ្សេឡិនស្គី បាននិយាយជំរុញឱ្យថ្នាក់ដឹកនាំប្រទេសប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវ «ចូលរួមគាំទ្រដល់កិច្ចប្រជុំកំពូលសន្តិភាពនោះ ដោយការដឹកនាំនិងការចូលរួមរបស់រូប អ្នកដោយផ្ទាល់»

បើតាមសេចក្តីរាយការណ៍របស់ Bloomberg កាលពីថ្ងៃសុក្រកន្លងមកនេះ លោក Joe Biden នៅថ្ងៃ១៥ និង១៦មិថុនានោះ ទំនងនឹងមិនបានចូលរួមឡើយ ដោយសារតែលោកនឹងត្រូវ ចូលរួមកម្មវិធីរៃអង្គាសនៅរដ្ឋកាលី ហ្វ័រនីញ៉ាក្នុងយុទ្ធនាការរកថវិកាបោះឆ្នោត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកម្នាក់បានថ្លែង កាលពីថ្ងៃអាទិត្យថាសហរដ្ឋអាមេរិក នឹងមានតំណាងឱ្យចូលរួមក្នុង កិច្ចប្រជុំកំពូលសន្តិភាពនោះ ប៉ុន្តែមិនបញ្ជាក់ថា តើមន្ត្រីដែលគ្រោងនឹង បញ្ជួននោះជា អ្នកណាឬជាមន្ត្រី ក្នុងកម្រិតណាមួយនោះឡើយ។

ចំណែកប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ជាមួយប្រទេសប្រេស៊ីល នៅមុននេះដែរថាគេគាំទ្រ «សន្និសិទសន្តិភាពអន្តរជាតិ ដែលធ្វើឡើងនៅពេលសមស្រប និង ថាសន្និសីទនោះត្រូវតែទទួលស្គាល់ ដោយរុស្ស៊ីនិងអ៊ុយក្រែន ជាមួយនឹងការចូលរួមស្មើគ្នា ពីគ្រប់ភាគីក៏ដូចជា ការពិភាក្សាដោយយុត្តិធម៌ នៃផែនការសន្តិភាពទាំងអស់»។ សេចក្តីថ្លែងការណ៍នេះ បានបង្ហាញថាកិច្ចប្រជុំនាពេលខាងមុខនេះ គឺត្រូវតែមានការទទួលស្គាល់ និងចូលរួមពីរុស្ស៊ីផងដែរដែលជា ភាគីនៃជម្លោះជាប់ពាក់ព័ន្ធ។

ប្រទេសរុស្ស៊ីបាននិយាយ កាលពីដើមខែឧសភានេះថា កិច្ចប្រជុំកំពូលសន្តិភាពនៅក្នុងប្រទេសស្វីសនោះ មិនបានអញ្ជើញភាគីរុស្ស៊ីឡើយ ដូច្នេះរុស្ស៊ីក៏មើលឃើញនូវភាពមិនសំខាន់ ចំពោះកិច្ចប្រជុំកំពូលនាពេលខាងមុខនោះឡើយ។ ខណៈដែលកិច្ចប្រជុំកំពូលត្រៀមធ្វើ នាពេលខាងមុខ ដោយគ្មានអញ្ជើញរុស្ស៊ីនៃភាគីជម្លោះ ដើម្បីធ្វើការជជែកគ្នានោះ, រុស្ស៊ីបានបន្តការវាយប្រហាររបស់ខ្លួន ជាដដែលដាក់លើភាគខាងកើតអ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យទី២៦ឧសភា ការវាយប្រហារមួយរបស់រុស្សីទៅលើហាងលក់គ្រឿងសម្ភារៈ Hardware DIY នៅទីក្រុង Kharkiv បានសម្លាប់មនុស្ស១៦នាក់ និងមានមនុស្ស៤៣នាក់ទៀត រងរបួស។ ខេត្តខាគីវ ចាប់តាំងពីថ្ងៃទី១០ឧសភា បានក្លាយជា មុខព្រួញសមរភូមិថ្មីជា ពិសេសសមរភូមិនៅក្រុង Vovchansk ដែលមានការប្រៀបធៀបថា មានសភាពកាចសាហាវ ជាងនៅសមរភូមិបាក់មុតទៅទៀត។ សេចក្តីរាយការណ៍ពីសមរភូមិ បានឱ្យដឹងថាភូមិមួយទៀតនាភាគឥសាន ខាគីវ គឺភូមិ Berestove ត្រូវបានរុស្ស៊ីចូលគ្រប់គ្រងបានថែមទៀត។

លោកហ្សេឡិនស្គី បានថ្លែងតាមការបង្ហោះវីដេអូ អំពីស្ថានភាពធ្វើសង្គ្រាមនៅក្នុងខេត្តខាគីវ ថា «មិនមានសង្កាត់ ឬផ្លូវណាមួយក្នុងក្រុង Kharkiv ដែលថាមិនទទួលរង នូវភាពប៉ះពាល់ ដោយការវាយប្រហាររបស់រុស្ស៊ីឡើយ»។ លោក ហ្សេឡិនស្គី បន្តថា «រុស្សីបានបង្កើនការវាយប្រហារ ដោយគ្រាប់បែកបញ្ជាពីលើអាកាស»… និងថា «យន្តហោះរបស់រុស្ស៊ីបានហោះ ចូលមកជិតព្រំដែន របស់យើង ហើយបាញ់គ្រាប់បញ្ជាពីលើអាកាសនេះ ដាក់មកលើទីក្រុងរបស់យើង…ដែលវាជាអាវុធបំផ្លិចបំផ្លាញ គ្មានរើសមុខឡើយ»។ លោក ហ្សេឡិនស្គី បានចោទថា «រុស្ស៊ីគឺជាប្រភពតែមួយគត់នៃការឈ្លានពាន ហើយព្យាយាមឥតឈប់ឈរ ដើម្បីពង្រីកសង្រ្គាម» និងថារុស្សី «ធ្វើអ្វីៗទាំងអស់មកនេះ គឺមកពីរុស្ស៊ីមិនចង់បានសន្តិភាពឡើយ»

***គំរោងសន្តិភាពដែលរុស្ស៊ីគាំទ្រ

លោក ពូទីន បានបង្ហាញបំណងរកការចរចាសន្តិភាព ប៉ុន្តែអ៊ុយក្រែនបារម្ភថា វាជាល្បិចកល ទៅវិញ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរាយការណ៍ នៅសប្តាហ៍នេះ ថាលោកបើកចំហចំពោះកិច្ចចរចាសន្តិភាពមួយ ប៉ុន្តែកិច្ចចរចាសន្តិភាពរបស់លោក បានធ្វើឱ្យអ៊ុយក្រែន បារម្ភនូវការបាត់បង់ទឹកដីភាគខាងកើត របស់ខ្លួន។

ប្រភពដែលស្និទ្ធនឹងរដ្ឋាភិបាលវិមានក្រឹមឡាំង បានរាយការណ៍ថា, រុស្ស៊ីនឹងពិចារណាលើ ការចរចារកសន្តិភាព ដែលនឹងបញ្ឈប់ការបាញ់គ្នា នៅតាមតំបន់នានា ដែលរុស្ស៊ីបានគ្រប់គ្រង ប្រមាណ១ភាគ៥នៃទឹកដីអ៊ុយក្រែននេះ។ ប៉ុន្តែសំណើរក ការផ្អាកបាញ់នៅលើសមរភូមិដើម្បី ឈានដល់ការចរចារកសន្តិភាពនោះ មិនមែនជាអ្វីដែលអ៊ុយក្រែនត្រូវការឡើយ។ អ៊ុយក្រែន បានទាមទារឱ្យរុស្ស៊ីដកថយចេញពីទឹកដីភាគខាងកើត នៅមុនសំណើរកកិច្ចឈប់បាញ់គ្នានោះ។

ប៉ុន្តេលោកពូទីនបានថ្លែងថារុស្ស៊ីពេញចិត្ត ចំពោះការជជែករកសន្តិភាពដោយផ្អែក លើកិច្ចព្រមព្រៀងដាក់ចេញ កាលពីពេលមុនមកនេះ។ លោកពូទីនបានបង្ហាញ នូវកិច្ចព្រមព្រៀងដែលមិនធ្លាប់បានសម្រេចមួយកន្លងមក ក្នុងការចរចានៅប្រទេសតួកគី ក្នុងឆ្នាំ ២០២២ ដែលពេលនោះ សង្គ្រាមទើបចាប់ផ្តើម និងកងកម្លាំងរុស្ស៊ីពេលនោះ បានវាយលុកពាសពេញក្នុងទឹកដីរបស់អ៊ុយក្រែន រួចទៅហើយ។

រុស្ស៊ីចង់ឱ្យការចរចាគ្នា ត្រូវទទួលស្គាល់លើខ្សែបន្ទាត់ ដែលមានកម្លាំងទាហានរុស្ស៊ីគ្រប់គ្រងបច្ចុប្បន្ននៅលើសមរភូមិ។ រុស្ស៊ីនិយាយថា បើសិនជាសំណើបើកចំហ រកសន្តិភាពរបស់រុស្ស៊ី នឹងមិនត្រូវបានយល់ព្រមដោយប្រទេសលោកខាងលិច និងរដ្ឋាភិបាលក្រុងគៀវនោះទេ រុស្ស៊ី នឹងធ្វើការវាយប្រហារបន្តដំណើរទៅមុខ របស់ខ្លួនថែមទៀត។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ក្នុងការឆ្លើយតបចំពោះ សំណើសន្តិភាពរបស់រុស្ស៊ីនេះ បានថ្លែងថា លោក ពូទីន កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីបង្អាក់កិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស នៅថ្ងៃទី ១៥-១៦ ខែមិថុនាខាងមុខនេះ។ លោក Dmytro Kuleba បានថ្លែងទៀតថា មនុស្សរបស់ ពូទីន បានបញ្ជូន សញ្ញាក្នុងការរកសន្តិភាពដ៏ក្លែងក្លាយនេះ ខណៈមាត់និយាយអំពីការ ត្រៀមឈប់បាញ់ប៉ុន្តែកងកម្លាំងរុស្ស៊ី នៅតែបន្តការវាយប្រហារយ៉ាងឃោរឃៅ ដាក់មកលើអ៊ុយក្រែន ដោយបាញ់ស្រាចដ្រូននិងមីស៊ីលដាក់មក លើទីក្រុងនិងសហគមន៍របស់អ៊ុយក្រែន។

លោក Dmytro Kuleba បានបន្តថាថា លោក ពូទីន គ្មានបំណងចង់បញ្ចប់សង្គ្រាមឈ្លានពាន នៅក្នុងទឹកដីអ៊ុយក្រែនឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និយាយថាដើម្បីបង្ខំឱ្យលោក ពូទីនជ្រើសរើសសន្តិភាពនិងបញ្ចប់សង្គ្រាមនោះ គឺមានតែសម្លេងរួបរួមគាំទ្រ ភាគច្រើននៃ ពិភពលោក ដាក់ចេញនូវគោលការណ៍ ដើម្បីឱ្យលោកពូទីនធ្វើតាមតែប៉ុណ្ណោះ។ លោក Dmytro Kuleba និយាយថាកិច្ចប្រជុំកំពូលសន្តិភាព ក្នុងប្រទេសស្វីសនាពេលខាងមុខនេះ គឺក្នុងបំណងចង់ឱ្យ ដំណើរការសន្តិភាពដាក់ចេញ របស់ពិភពលោក ដើម្បីធ្វើការគាបសង្កត់ចំពោះលោកពូទីន។ លោកថាហេតុដូច្នេះហើយ បានជាលោក ពូទីន ខ្លាចមិនចង់ឱ្យកិច្ចប្រជុំនោះ កើតឡើងឡើយ។

គោលបំណងនៃកិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស នាខែមិថុនាខាងមុខនេះ គឺដើម្បី ស្វែងរកការរួមគំនិតដ៏ជាក់លាក់មួយ របស់ពិភពលោកដើម្បីសម្រេចថា តើសង្គ្រាមក្នុងប្រទេស អ៊ុយក្រែននេះនឹងត្រូវបញ្ចប់ដោយរបៀបណា? ប៉ុន្តែកិច្ចប្រជុំនាពេលខាងមុខនោះ ខណៈទាត់ ចោលរុស្ស៊ីមិនឱ្យចូលរួម ប៉ុន្តែបានអញ្ជើញ ភាគីចិនដែលស្និទ្ធនឹងរុស្ស៊ី ឱ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូលនោះទៅវិញ។ ខណៈដែលចិន នៅមិនទាន់បានឆ្លើយតបនឹងសំណើនោះ, រដ្ឋាភិបាលចិននិងប្រេស៊ីល បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវឱ្យកិច្ចប្រជុំស្វែងរកសន្តិភាពនោះ ត្រូវធ្វើដោយមានការចូលរួមពីភាគីជម្លោះទាំង២ គឺពីអ៊ុយក្រែននិងពីរុស្ស៊ី។ សេចក្តីថ្លែងការណ៍រួមរបស់ចិន និងប្រេស៊ីល បានបង្ហាញថាការចរចាគឺជាដំណោះស្រាយដ៏សំខាន់ ចំពោះវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលភាគីទាំង២ ត្រូវមានការយល់ស្របពីប្រទេសទាំង២។

មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី១៧ ឧសភាកន្លងមកនេះ បានថ្លែងថាអ៊ុយ ក្រែនអាចនឹងប្រើប្រាស់ កិច្ចពិភាក្សាក្នុងប្រទេសស្វីស នោះដើម្បីប្រយោជន៍រកការគាំទ្រពីប្រទេសចូលរួមនានា ដែលគាំទ្រលោក ហ្សេឡិនស្គី បង្ខំឱ្យរុស្ស៊ីធ្វើការដកកងកម្លាំងចេញពី ទឹកដីអ៊ុយក្រែននាតំបន់ភាគខាងកើត។

ក្រុមអ្នកតាមដានសភាពការណ៍បាននិយាយថ បើសិនជាមានការបង្ខំយ៉ាងនេះមែន កិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស នឹងមិនអាចរក សន្តិភាពពិតប្រាកដបានឡើយ ពីព្រោះកិច្ចប្រជុំនោះមិនមែនជា ការចរចាគ្នាស្វែងរកសន្តិភាពឱ្យភាគីទាំ ង២នោះឡើយ ប៉ុន្តែជាការចាប់បង្ខំឱ្យភាគីម្ខាងគឺរុស្ស៊ី ត្រូវធ្វើតាមនូវអ្វីដែលរុស្ស៊ី មិនយល់ព្រមតែប៉ុណ្ណោះ៕