(ហ្គាហ្សា)៖ សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា រថក្រោះអ៊ីស្រាអែលបានចូលទៅដល់កណ្តាលទីក្រុង Rafah ជាលើកដំបូងនៅថ្ងៃអង្គារនេះ បីសប្តាហ៍បន្ទាប់ពីការវាយប្រហារតាមផ្លូវគោកនៅទីក្រុងហ្គាហ្សាភាគខាងត្បូងមួយនេះ ដែលបង្កឱ្យមានការថ្កោលទោសជាសកលចំពោះការស្លាប់ និងរបួសរបស់ជនស៊ីវិលជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

សាក្សីបានប្រាប់ Reuters ថា រថក្រោះ និងរថពាសដែកដែលផ្ទុកដោយកាំភ្លើងធំ ត្រូវបានគេឃើញនៅជិតវិហារឥស្លាម Al-Awda ដែលជាកន្លែងសម្គាល់ដ៏សំខាន់មួយនៅកណ្តាលទីក្រុង Rafah។ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បាន បន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុង Rafah ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍ អំពីវឌ្ឍនភាពនៅកណ្តាលទីក្រុងនោះទេ។

ទោះបីជាមានការខឹងសម្បារជាអន្តរជាតិ ជុំវិញការវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤៥នាក់នៅក្នុង «តំបន់មនុស្សធម៌ក៏ដោយ» កងកម្លាំងអ៊ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរពេញមួយយប់។ ប្រទេសអេស្បាញ អៀរឡង់ និងន័រវេសបានឆ្លើយតបដោយការទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីនដោយសង្ឃឹមថា នឹងពន្លឿនបទឈប់បាញ់នៅក្នុងជម្លោះរយៈពេលប្រាំបីខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

អ្នកស្រុកបានរាយការណ៍ពីការបាញ់ផ្លោងជាបន្តបន្ទាប់នៅក្នុងសង្កាត់ Tel Al-Sultan នៃទីក្រុង Rafah ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា មនុស្សប្រហែលមួយលាននាក់បានភៀសខ្លួនចេញពីទីក្រុងមួយនេះ ចាប់តាំងពីដើមខែឧសភាមក៕