(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះបាននិយាយថាយន្ដហោះចម្បាំងចិន ៣៨គ្រឿង និងនាវា១១គ្រឿង បានធ្វើសកម្មភាព នៅជុំវិញកោះតៃវ៉ាន់ ក្នុងពេល២៤ម៉ោងកន្លងទៅនេះ និងមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីទីក្រុងប៉េកាំងធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់រយៈពេល២ថ្ងៃ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ចិនបានអះអាងថាតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិក្នុងករណីចាំបាច់។ តាមក្រសួងការពារជាតិតៃវ៉ាន់ ក្នុងចំណោមយន្ដហោះចម្បាំងចិនខាងលើ មានយន្ដហោះចម្បាំង ២៨គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់។ ក្រសួងបន្ថែមទៀតថាតៃវ៉ាន់ ក៏បានដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងជាការឆ្លើយតបផងដែរ។

គួរបញ្ជាក់ថា ការរាយការណ៍ពីសកម្មភាពយោធារបស់ចិន នៅជុំវិញកោះតៃវ៉ាន់នៅពេលនេះ កើតមានឡើងចំពេលប្រតិភូសភាអាមេរិក ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ជាលើកដំបូង ចាប់តាំងពីលោក Lai Ching-te ស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ កាលពីថ្ងៃទី២០ ខែឧសភាមក។ អំឡុងធ្វើសមយុទ្ធរយៈពេល២ថ្ងៃ ចិនបានសន្យាថា កងកម្លាំងឯករាជ្យនិយមតៃវ៉ាន់នឹងត្រូវបញ្ចប់ទៅដោយការស្លាប់ក្នុងថ្លុកឈាម។ រីឯក្រុមអ្នកជំនាញវិញយល់ថាការធ្វើសមយុទ្ធរបស់ចិន គឺជាផែ្នក មួយនៃ «យុទ្ធសាស្ត្រតំបន់ពណ៌ប្រផេះ» ដែលមានគោលបំណងបំបាក់ស្មារតីរបស់យោធាតៃវ៉ាន់៕