(គៀវ)៖ មេបញ្ជាការកំពូលរបស់អ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីកំពុងប្រមូលផ្ដុំកម្លាំងក្បែរតំបន់ Kharkiv ភាគឦសាននៃអ៊ុយក្រែន ប៉ុន្តែមិនទាន់មានកងទ័ពគ្រប់គ្រាន់សម្រាប់ការលុកទ្រង់ទ្រាយធំនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

អ៊ុយក្រែនអះអាងថា ខ្លួនបានធ្វើឱ្យស្ថានការណ៍នៅជួរមុខក្នុងតំបន់ Kharkiv មានស្ថិរភាព បើទោះបីជាកងកម្លាំងរុស្ស៊ីបានបើកការវាយលុកឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី ១០ ឧសភា ដែលបានបើកជួរមុខថ្មី ក្នុងសង្គ្រាមដែលមានរយៈពេល ២៧ ខែរួចហើយនេះក៏ដោយ។

ឧត្តមសេនីយ Oleksandr Syrskyi បាននិយាយថា រុស្ស៊ីកំពុងបន្តបញ្ជូនកងវរសេនាធំ និងកងពលតូចបន្ថែមពីតំបន់ផ្សេងទៀត និងពីទីលានហ្វឹកហ្វឺន ដើម្បីបង្កើនកងទ័ពនៅលើខ្សែបន្ទាត់វាយប្រហារចំនួនពីរនៅភាគខាងជើងនៃតំបន់ Kharkiv។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងទាំងនេះមិនទាន់គ្រប់គ្រាន់សម្រាប់ការវាយលុក និងទម្លុះរនាំងការពាររបស់អ៊ុយក្រែននៅឡើយ។

លោក Syrskyi បានបន្ថែមទៀតថា «ការបង្កើតស្តុកគ្រាប់រំសេវ» របស់អ៊ុយក្រែន ក៏បានកាត់បន្ថយសមត្ថភាពវាយលុករបស់កងកម្លាំងរុស្ស៊ីផងដែរ។ សេចក្តីថ្លែងការណ៍នេះបានបង្ហាញថា កង្វះខាតគ្រាប់រំសេវកាំភ្លើងធំរបស់ទីក្រុងកៀវត្រូវបានដោះស្រាយហើយ ចាប់តាំងពីសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ជំនួយដ៏សំខាន់មួយកាលពីខែមេសា បន្ទាប់ពីការពន្យារពេលជាច្រើនខែ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា អាវុធអាមេរិកដែលបានបញ្ជូនទៅអ៊ុយក្រែន កំពុងជួយធ្វើឱ្យសមរភូមិជួរមុខអ៊ុយក្រែនមានស្ថិរភាព៕