(ញូវដេលី)៖ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ និង ៤០នាក់ផ្សេងទៀតបានរងរបួស ដែលខ្លះធ្ងន់ធ្ងរ បន្ទាប់ពីឡានក្រុងដឹកអ្នកដំណើរមួយគ្រឿង បានរអិលធ្លាក់ចេញពីផ្លូវ ហើយធ្លាក់ចូលទៅក្នុងជ្រោះជ្រៅមួយនៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ៣០ ឧសភានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅតំបន់ Chungi Morh ក្នុងទីក្រុង Akhnoor ស្រុក Jammu ដែលមានចម្ងាយប្រហែល ២៧២គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Srinagar ដែលរដ្ឋធានីរដូវក្តៅ នៃតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។

មន្ត្រីប៉ូលីសបានឲ្យដឹងថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈអ្នកស្លាប់ភាគច្រើនត្រូវបានបញ្ជាក់ថា បានស្លាប់នៅនឹងកន្លែងកើតហេតុ។
ទោះជាយ៉ាងណា មូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែមន្ត្រីជំនាញបានសន្និដ្ឋានជាបឋមថា អ្នកបើកបរបានបរាជ័យក្នុងការបត់ក្នុងផ្លូវកោង ដែលនាំឱ្យមានគ្រោះថ្នាក់៕