(តេហេរ៉ង់)៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានជួបប្រជុំជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក នៅទីក្រុង Tehran កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានាធិបតី លោក Ebrahim Raisi នេះបើយោងតាមបណ្តាញព័ត៌មាននិស្សិតអ៊ីរ៉ង់ ( SNN) រាយការណ៍។

លោក Raisi បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្ររបស់លោក បានធ្លាក់កាលពីថ្ងៃទី១៩ ខែឧសភានៅជិតព្រំដែនប្រទេសអាហ្ស៊ែបៃហ្សង់។

កិច្ចប្រជុំនេះគឺជាជំនួបលើកដំបូងរវាងលោក Khamenei និងលោក Assad ចាប់តាំងពីកិច្ចប្រជុំរបស់ពួកគេក្នុងឆ្នាំ ២០២២ នៅទីក្រុង Tehran ជាកន្លែងដែលមេដឹកនាំទាំងពីរបានអំពាវនាវឱ្យមានទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ។ នៅថ្ងៃព្រហស្បត្តិ៍នេះ ពួកគេបានរំលឹកឡើងវិញពីភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីស៊ីរី។

គួរបញ្ជាក់ថា ដោយមានការគាំទ្រយ៉ាងសំខាន់ ពីកងជីវពលប្រូកស៊ីរបស់អ៊ីរ៉ង់ និងអន្តរាគមន៍យោធារុស្ស៊ីតាំងពីឆ្នាំ ២០១៥ លោកប្រធានាធិបតី Assad អាចគ្រប់គ្រងបាននូវស្ថានការណ៍នៃសង្រ្គាមស៊ីវិលស៊ីរី ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១១ ពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ៕

អ៊ីស្រាអែល បានបើកការវាយប្រហារម្តងហើយម្តងទៀតលើអ្វីដែលខ្លួនពណ៌នាថា ជាគោលដៅរបស់អ៊ីរ៉ង់ក្នុងប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំងគាំទ្រដោយក្រុងតេហេរ៉ង់ រួមទាំងក្រុមហេសបូឡា លីបង់ បានដាក់ពង្រាយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដើម្បីគាំទ្រលោក Assad ក្នុងសង្រ្គាមស៊ីរី៕