(បែរឡាំង)៖ កងទ័ពអាល្លឺម៉ង់ មានបំណងបញ្ជាទិញគ្រាប់កាំភ្លើងធំចំនួន ២០០,០០០គ្រាប់បន្ថែមទៀត ពីក្រុមហ៊ុនផលិតអាវុធ Rheinmetall ដោយចំនួននេះគឺច្រើនជាងការគ្រោងទុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ ២០២៤។

បើតាមលិខិតមួយរបស់ក្រសួង​ការពារ​ជាតិ ផ្ញើរ​ទៅ​កាន់​គណៈកម្មាធិការ​ថវិកា​របស់​សភាអាល្លឺម៉ង់ដែល Reuters ទទួលបាន​នៅ​ថ្ងៃ​អង្គារនេះ កងទ័ពនឹងទទួលបានគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ចំនួន ២០០,០០០គ្រាប់ មានតម្លៃប្រហែល ៨៨០លានអឺរ៉ូ ឬស្មើនឹង ៩៦០ពាន់លានដុល្លារ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុនការពារជាតិ ដែលបានព្រមព្រៀងគ្នារួចហើយ នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ១.២ពាន់លានអឺរ៉ូ។ គ្រាប់កាំភ្លើងធំទាំងនេះ នឹង​បំពេញ​ឃ្លាំងស្តុក​របស់​កងទ័ព​ ខណៈ​ដែល​អាល្លឺម៉ង់​បាន​ផ្គត់ផ្គង់​ដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី គិតចាប់តាំងពីឆ្នាំ ២០២២។ តាមរយៈការបញ្ជាទិញនេះ ក្រសួងការពារជាតិអាល្លឺម៉ង់ ក៏ចង់ធានាថាក្រុមហ៊ុនអាវុធ Rheinmetall អាចបង្កើតខ្សែចង្វាក់ផលិតកម្មថ្មី នៅក្នុងតំបន់ Unterluess ភាគកណ្តាលនៃប្រទេសអាល្លឺម៉ង់ផងដែរ។

គួរបញ្ជាក់ថា ស្របពេលដែល រដ្ឋាភិបាលលោកខាងលិច បង្កើនសមត្ថភាពយោធា និងព្យាយាមបំពេញឃ្លាំងស្តុកអាវុធរបស់ខ្លួនឡើងវិញ ក្រុមហ៊ុន Rheinmetall ដែលចំណែកទីផ្សារបានកើនឡើងលើស ៤ដង ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងហើយនោះ ក៏កំពុងទទួលបានការបញ្ជាទិញថែមទៀត៕