(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី២១ ដែលបើកធ្វើនៅប្រទេសសិង្ហបុរី ការបង្កើនកិច្ចសហប្រតិបតិ្តការ ខាងសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានក្លាយជាបញ្ហាពិភាក្សាដ៏សំខាន់ក្នុងកិច្ចសន្ទនា និងពិគ្រោះពិភាក្សា។

ប្រជាជននៃតំបន់អាស៊ីប៉ាស៊ីហ្វិកប្រាថ្នាចង់បាន ភាពចុះសម្រុងគ្នានិងស្រឡាញ់សន្តិភាព។ រាប់ពាន់ឆ្នាំកន្លងមក ប្រទេសដែលមានអរិយធម៌ សាសនា ជនជាតិនិងប្រព័ន្ធច្បាប់ខុសៗគ្នា បានកកើតទៅជាមូលដ្ឋានវប្បធម៌នៃការរួមរស់នៅ ជាមួយគ្នាដោយសុខដុមរមនាជាសន្សឹមៗ។ ប៉ុន្តែ មួយរយៈកាលកន្លងទៅនេះ អាមេរិកបានបង្កើនសម្ព័ន្ធភាពយោធា និងជំរុញការបដិបក្ខគ្នាជាក្រុមឥតឈប់ឈរ ដើម្បីអនុវត្តគោលដៅជា យុទ្ធសាស្ត្រដែលចង់ទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន និងរក្សាអនុត្តរភាពរបស់ខ្លួនលើពិភពលោកទាំងមូល ដែលបណ្តាលឱ្យស្ថានការណ៍នៅអាស៊ីប៉ាស៊ីហ្វិក កើតមានបម្រែបម្រួលយ៉ាងខ្លាំង។ ដោយឡែក រដ្ឋាភិបាលអាណត្តិថ្មីរបស់ ប្រទេសហ្វីលីពីន បានបំផ្លាញគំនិតឯកភាពរួមអំពីសម្រុទចិនខាងត្បូង ហើយបង្ករឿងឥតឈប់ឈរនៅថ្មប៉ប្រះទឹក Ren'ai និងកោះ Huangyan ព្រមទាំងបានធ្វើសមយុទ្ធយោធាដោយទ្រង់ទ្រាយធំ ជាមួយកងទ័ពអាមេរិកទៀតផង។

អាមេរិកតែងតែនិយាយបានតែមាត់ថា នឹងគាំពារ “សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើក្បួនច្បាប់” និងគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយបានក្លែងខ្លួនឯងជា អ្នកការពារសន្តិភាពក្នុងតំបន់ និងជាអ្នកគាំពារសមភាពនិងយុត្តិធម៌ ប៉ុន្តែបើមើលពីសំបកក្រៅ អាមេរិកហាក់ដូចជាបានបង្កើនទំនាក់ទំនង ភាពជាដៃគូជាមួយសម័្ពន្ធមិត្ត គាំទ្រសម័្ពន្ធមិត្តទប់ទល់នឹង ការគំរាមកំហែង និងគាំពារសេរីភាពនាវាចរណ៍ នៅសមុទ្រអន្តរជាតិ ប៉ុន្តែកលល្បិចនៅពីក្រោយនេះ គឺតើធ្វើយ៉ាងណាទើប អាចប្រើប្រាស់ប្រទេសផ្សេងទៀត មកទប់ស្កាត់ប្រទេសចិន តើធ្វើយ៉ាងណាទើបអាចបង្កការរំខានដល់ប្រទេសចិន និងតើធ្វើយ៉ាងណាទើបអាចបង្កភាពច្របូកច្របល់ ក្នុងតំបន់និងរក្សាអនុត្តរភាពរបស់ខ្លួន។

ការសម្រេចបាននូវសន្តិភាពរួមនិងស្ថិរភាពយូរអង្វែង ជាក្តីបំណងយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសនានា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏ជាការធានាដ៏សំខាន់ ចំពោះវឌ្ឍនភាពនិងវិបុលភាពក្នុងតំបន់ផងដែរ ។ បើចង់រក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសនានាក្នុងតំបន់ ត្រូវប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដ៏ម្ចាស់កា រនិងកិច្ចសហប្រតិបតិ្តការរួម ។ គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់ការណែនាំដ៏ត្រឹមត្រូវ ដល់ការកសាងសន្តិសុខ នៃកិច្ចសហប្រតិបតិ្តការក្នុងតំបន់ និងសម្រេចបាននូវសន្តិភាពដ៏យូរអង្វែង។

ទី១ ត្រូវប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដ៏ម្ចាស់ការ ប្រទេសនានាសុទ្ធតែត្រូវសម្រេច កិច្ចការសន្តិសុខជាតិដោយឯករាជ្យនិងម្ចាស់ការ ចៀសវាងកុំឱ្យក្លាយជាកូនអុកក្នុងការប្រកួតប្រជែង ជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ ។ ទីពីរ ត្រូវប្រមូលផ្តុំគំនិតឯកភាពរួមខាងសន្តិសុខ ប្រឆាំងការបង្កើនសម័្ពន្ធភាពយោធា សម្រាប់ធ្វើការបដិបក្ខជាក្រុម ប្រឆាំងការបង្កើតសន្តិសុខរបស់ខ្លួន លើអសន្តិសុខរបស់ ប្រទេសដទៃទៀត។ ទីបី ត្រូវគ្រប់គ្រងការខ្វែងគំនិតឱ្យបានសមស្រប ប្រកាន់ខ្ជាប់ការធ្វើកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ធ្វើការប្រាស្រ័យទាក់ទងដ៏មានប្រសិទ្ធភាព ចៀសវាងពីការចាត់ប្រតិបតិ្តការជាឯកតោភាគី ដែលបណ្តាលឱ្យស្ថានការណ៍ឡើងកម្តៅ ។ ចុងក្រោយ ត្រូវជំរុញកិច្ចសហប្រតិបតិ្តការរួម គោរពនិងពង្រីកតួនាទីជាស្នូលរបស់អាស៊ាន ក្នុងកិច្ចការសន្តិសុខតំបន់ ពន្លឿនកិច្ចពិគ្រោះពិភាក្សាអំពី «ក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង» និងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតសហគមន៍រួម សន្តិសុខអាស៊ីប៉ាស៊ីហ្វិក ដែលអាចពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា។

ដូចប្រសាសន៍របស់លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនដែលបានលើកឡើង ក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាថា បច្ចុប្បន្ននេះ ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងមានស្ថិរភាពជាទូទៅ នេះគឺបានមកដោយកិច្ចខិតខំប្រឹងរួមរបស់ប្រទេសក្នុងតំបន់។ ប៉ុន្តែ តាមពិតទៅ ក៏មានប្រទេសមួយចំនួនតូច បង្ករឿងដោយមានការគ្រោងទុក ក្រោមការញុះញង់អុជអាលពីកម្លាំងខាងក្រៅ រហូតដល់មិនអើពើនឹងផលប្រយោជ៍រួម នៃប្រទេសក្នុងតំបន់ ដែលបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ធ្វើយ៉ាងនេះចុងក្រោយច្បាស់ ជានឹងនាំភ្លើងដុតខ្លួនឯងជាមិនខាន។

អំពីរឿងនេះ ក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡា លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ក្នុងនាមជាសមាជិករបស់អាស៊ាន កម្ពុជារំពឹងថាប្រទេសនានានៅសមុទ្រចិនខាងត្បូង នឹងដោះស្រាយជម្លោះអំពីអធិបតេយ្យភាព នៃដែនសមុទ្រដោយសន្តិវិធី តាមរយៈកិច្ចសន្ទនានិងកិច្ចព្រមព្រៀង ជឿជាក់ថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងនៃបណ្តាភាគីនានា អាស៊ានអាចស្វែងរកបាននូវដំណោះស្រាយ ប្រកបដោយតុល្យភាពដែលបណ្តាភាគីនានា សុទ្ធតែអាចទទួលយកបាន។

តំបន់អាស៊ីប៉ាស៊ីហ្វិក ជាគ្រួសាររួមរបស់ប្រទេសក្នុងតំបន់ សន្តិភាពនិងស្ថិរភាពជាផលប្រយោជន៍រួម នៃប្រទេសក្នុងតំបន់ ហើយក៏ជាចរន្តយុគសម័យ ដែលមិនអាចរារាំងបាន។ ប្រទេសចិននឹងប្រកាន់ខ្ជាប់ទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ បរិយាបន្នជារៀងរហូត ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាព ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ ក្នុងន័យរួមគ្នាគាំពារសន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាព ដែលបានមកដោយមិនងាយទេ ដើម្បីរួមគ្នាកសាងមហាគ្រួសារដ៏ល្អបវរ៕

វិទ្យុមិត្តភាពកម្ពុជាចិន