(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ចិនបានចូលរួមអបអរសាទរនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi សម្រាប់ជ័យជម្នះរបស់លោក ក្នុងការបោះឆ្នោតសកលអាណត្តិថ្មី ហើយទីក្រុងប៉េកាំងបានបន្ថែមថា ខ្លួនត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើការជាមួយប្រទេសជិតខាងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងថា ទំនាក់ទំនងចិន-ឥណ្ឌា ដែលមានលក្ខណៈល្អប្រសើរ និង​មានស្ថិរភាព បម្រើជាប្រយោជន៍រួម សម្រាប់ភាគីទាំងសងខាង ហើយក៏ចូលរួមចំណែកផងដែរ ចំពោះសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជានៅទូទាំងពិភពលោក។ លោកស្រីអ្នកនាំពាក្យបានបន្តថា ភាគីចិនសូមចូលរួមអបអរគណបក្ស BJP របស់លោក Modi ផ្ទាល់ ព្រមទាំង​សម្ព័ន្ធភាពបក្សនយោបាយរបស់លោក គឺ National Democratic Alliance ហើយត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយឥណ្ឌា ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

គួរបញ្ជាក់ថា មកទល់សព្វថ្ងៃនេះ ប្រទេសមហាយក្សអាស៉ីទាំងពីរ នៅបន្តមានបញ្ហាជម្លោះទឹកដីនឹងគ្នានៅឡើយ នៅតាមព្រំដែន ហើយក៏ធ្លាប់​ធ្វើសង្រ្គាមទ្រង់ទ្រាយធំប្រឆាំងគ្នាផងដែរ កាលពីឆ្នាំ១៩៦២។​ សម្រាប់លោក Modi គឺលោកកំពុងប្រឈម នូវអាណត្តិទី៣ ដែលហាក់នឹងមានភាពលំបាក ជាងការរំពឹងទុក បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតសកល ដែលទើបបិទបញ្ចប់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រោយដំណើរការអស់រយៈពេល ជាច្រើនសប្តាហ៍នេះ បានបង្ហាញថា គណបក្សរបស់លោកផ្ទាល់ មិនអាចឈ្នះបានអាសនៈក្នុងសំឡេងភាគច្រើន ជាលើកដំបូង គិតចាប់តាំងពី​ឡើងកាន់អំណាច កាលពីមួយទសវត្សរ៍មុន៕