(កៀវ)៖ នៅថ្ងៃពុធនេះ ទីក្រុងកៀវ បានស្វាគមន៍សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៉ីនតោន ដែលអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែននាពេលខាងមុខ ជំនួសលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ ២០២៤។

ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានលើកឡើងតាមបណ្តាញសង្គម យ៉ាងដូច្នេះថា «វាជាដំណឹងដ៏សំខាន់ ដែលអនុប្រធានាធិបតី លោកស្រី Harris ត្រូវបានបញ្ជាក់ថា នឹងមកចូលរួមកិច្ចប្រជុំកំពូលសន្តិភាព នៅក្នុងប្រទេសស្វីស នាថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះ»។

គួរបញ្ជាក់ថា លោក Yermak ក៏បានប្រកាសអំពីផែនការនៃជំនួបក្នុងខាងមុខ រវាងលោក បៃដិន និងលោក ហ្សេលេនស្គី ផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត៕