(តូក្យូ)៖ ប្រទេសជប៉ុន បានចូលរួមសម្តែងការអបអរសាទរចំពោះនាយករដ្ឋមន្រ្តី លោក Narendra Modi ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនៅអាណត្តិថ្មីនេះ ហើយហៅឥណ្ឌាថាជាដៃគូដ៏សំខាន់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ ២០២៤។

អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាល លោក Yoshimasa Hayashi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងសូមចូលរួមអបអរសាទរ ដល់ក្រុមចម្រុះនៃគណបក្សកាន់អំណាច ដឹកនាំដោយលោក​នាយក​រដ្ឋមន្ត្រី Modi ចំពោះ​ជោគជ័យរបស់ខ្លួន»។ លោក Hayashi បានបន្ថែមថា «ឥណ្ឌាគឺជាដៃគូដ៏សំខាន់សម្រាប់ការសម្រេចបាន នូវឥណ្ឌូប៉ាស៉ីហ្វិកសេរី និងបើកចំហ ហើយយើងនឹងបន្តពង្រឹងទំនាក់ទំនងជប៉ុន-ឥណ្ឌា»

គួរបញ្ជាក់ថា ជប៉ុន និងឥណ្ឌា សុទ្ធតែជាសមាជិកនៃ Quad ដែលជាក្រុមប្រទេសរួមមានទាំង សហរដ្ឋអាមេរិក ក៏ដូចជាអូស្រ្តាលី។ លោក Modi ក៏ធ្លាប់បានចូលរួមកិច្ចប្រជុំកំពូល G7 នៅទីក្រុង Hiroshima បើទោះបីជាឥណ្ឌាមិនមែនជាសមាជិករបស់ប្លុកក្តី៕