(ប៉េកាំង)៖ ថ្ងៃទី ៥ ខែមិថុនា គឺជាទិវាបរិស្ថានពិភពលោក។ តើធ្វើដូចម្តេចដើម្បីសម្របសម្រួលទំនាក់ទំនង រវាងការការពារបរិស្ថានអេកូឡូស៊ី និងការអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម? បណ្តាប្រទេសនានាកំពុងស្វែងរកវិធីសាស្រ្តផ្សេងៗគ្នា។ មេដឹកនាំកំពូលរបស់ចិន លោក Xi Jinping បានដាក់ចេញនូវគោលគំនិតនៃការអភិវឌ្ឍបៃតង ដែលបានក្លាយជាខ្លឹមសារស្នូល នៃគំនិតសេដ្ឋកិច្ច និងគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក ហើយវាក៏ជាគោលការណ៍ណែនាំ និងជាមូលដ្ឋានទ្រឹស្តីដ៏សំខាន់ សម្រាប់ប្រទេសចិនក្នុងការបង្កើតនិម្មាបនិកម្ម នៃការអភិវឌ្ឍថ្មីក្នុងយុគសម័យថ្មី។ ខាងក្រោមនេះ យើងនាំគ្នាឈ្វេងយល់អំពីគំនិតអភិវឌ្ឍន៍ បៃតងរបស់ប្រទេសចិន។

ជនជាតិចិនបានគោរពចំពោះការរួមរស់ដោយចុះសម្រុងគ្នា រវាងមនុស្សនិងធម្មជាតិតាំងពីបុរាណកាលមក។ លោក Xi Jinping បានរួមបញ្ចូលគ្នានូវប្រាជ្ញាចិនបុរាណ នៃការគោរពធម្មជាតិនិងសម្របទៅនឹងធម្មជាតិ ជាមួយនឹងការពិតបច្ចុប្បន្នរបស់ប្រទេសចិន ដើម្បីបង្កើតជាគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក។ គំនិតស្នូល គឺថា "មនុស្សនិងធម្មជាតិមានទំនាក់ទំនងរួម រស់ជាមួយគ្នា ការបំផ្លាញធម្មជាតិទីបំផុត នឹងបង្កជាផលប៉ះពាល់ដល់មនុស្សជាតិ។ លោកបានលើកឡើង នូវទ្រឹស្ដីនៃការកសាងអរិយធម៌អេកូឡូស៊ី ហើយបានអនុវត្តវាតាមរយៈគោលនយោបាយ និងសកម្មភាព។ វាសន្និដ្ឋានជាពាក្យគន្លឹះមួយគឺ "ការអភិវឌ្ឍបៃតង"។

អ្វីដែលហៅថា "ការអភិវឌ្ឍបៃតង" តាមប្រសាសន៍របស់លោក Xi Jinping គឺមានន័យថា មិនលះបង់បរិស្ថានជាថ្នូរនឹង កំណើនសេដ្ឋកិច្ចបណ្ដោះអាសន្ន។ ដូច្នេះ តើធ្វើដូចម្តេច ដើម្បីសម្រេចបាននូវការអភិវឌ្ឍបៃតងដែលមនុស្ស និងធម្មជាតិរួមរស់នៅ ដោយចុះសម្រុងគ្នា?

លោក Xi Jinping បានដាក់ចេញនូវគំនិតអភិវឌ្ឍន៍បៃតងដែលថា "ទឹកថ្លា និងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់" ដែលទាមទារទាំង ការការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រទេសចិនកំពុងខិតខំប្រឹងប្រែងចាប់ពីបីផ្នែក ទី១ អភិវឌ្ឍយ៉ាងខ្លាំងក្លា នូវផលិតផលសម្ភារៈអេកូឡូស៊ី ដូចជាវិស័យកសិកម្ម ព្រៃឈើ ការចិញ្ចឹមសត្វនិងនេសាទ។ ទី២ ដាក់ចេញនូវគម្រោងសេវាកម្ម វប្បធម៌អេកូឡេស៊ី ដូចជារៀបចំឱ្យសាងសង់ឧទ្យានជាតិចំនួន ៤៩ វាត្រូវបានគេរំពឹងថា ប្រទេសចិននឹងកសាងរួច នូវប្រព័ន្ធឧទ្យានជាតិដ៏ធំបំផុតលើពិភពលោកនៅឆ្នាំ ២០៣៥។ ទី៣ គឺការបង្កើតប្រព័ន្ធសេដ្ឋកិច្ចអេកូឡូស៊ីជាបណ្តើរៗ ដើម្បីសម្រេចបានអតិបរមាតម្លៃនៃផលិតផលអេកូឡូស៊ី។

លោក Xi Jinping សម្គាល់ឃើញថា "ភ្នំ ព្រៃឈើ ដីស្រែចំការនិងបឹងបួរ" គឺជាមូលដ្ឋានសម្ភារៈសម្រាប់ការរស់រានមានជីវិត និងការអភិវឌ្ឍរបស់មនុស្ស។ ហេតុនេះ ជាដំបូង ប្រទេសចិនខិតខំកសាងប្រព័ន្ធសេដ្ឋកិច្ចបៃតង ដែលមានកាបូនទាបនិងកកើតឡើងវិញ និងបានតាក់តែងប្រព័ន្ធច្បាប់ដ៏តឹងរ៉ឹងបំផុត ដើម្បីដោះស្រាយបញ្ហាបំផ្លាញបរិស្ថានអេកូឡូស៊ីពីប្រភព។ ទីពីរ បន្តជំរុញការធ្វើឱ្យប្រសើរឡើង នូវរចនាសម្ព័ន្ធថាមពលនិងរចនាសម្ព័ន្ធឧស្សាហកម្ម ពន្លឿនការស្រាវជ្រាវ ការអភិវឌ្ឍ ការផ្សព្វផ្សាយ និងការប្រើប្រាស់បច្ចេកវិទ្យា សន្សំសំចៃថាមពល និងកាត់បន្ថយកាបូនដ៏ជឿនលឿន ពូនជ្រំសេដ្ឋកិច្ចថ្មី ទម្រង់ថ្មី និងរូបមន្តអាជីវកម្មថ្មីតាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា។ ទីបី គឺស្នើ "គោលដៅកាបូនពីរ" ដែលសម្រេច"កំពូលកាបូន" នៅឆ្នាំ ២០៣០ និង "អព្យាក្រឹតភាពកាបូន" នៅឆ្នាំ ២០៦០ ។

ការពិតបានបង្ហាញឱ្យឃើញថា គំនិតអភិវឌ្ឍន៍បៃតងរបស់លោក Xi Jinping និងការអនុវត្តជាក់ស្តែងនៅក្នុងប្រទេសចិន គឺមិនត្រឹមតែទទួលខុសត្រូវលើ ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងលើពិភពលោកទៀតផង ដែលបានឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលប្រទេសនានាប្រឈមមុខ ក្នុងដំណើរការសម្រេចបាន នូវទំនើបកម្ម។ លោកAchim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) បាននិយាយថា យើងចង់បានការអភិវឌ្ឍបៃតង ដែលមានកាបូនទាប និងប្រកបដោយបរិយាប័ន្ន។ នៅក្នុងវិស័យនេះ ប្រទេសចិនបានផ្តល់ឱកាស មិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោក ដើម្បីយល់កាន់តែច្បាស់ អំពីរបៀបដែលពិភពលោកផ្លាស់ប្តូរឆ្ពោះ ទៅរកសេដ្ឋកិច្ចបៃតង៕

វិទ្យុមិត្តភាពកម្ពុជាចិន