(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នាថ្ងៃពុធនេះ បាននិយាយថា អាល្លឺម៉ង់នឹងទិញយន្តហោះចម្បាំង Eurofighter ២០គ្រឿងបន្ថែមទៀត ពីក្រុមហ៊ុន Airbus ស្របពេលដែលប្រទេសសមាជិកអង្គការ NATO មួយនេះ កំពុងចំណាយថវិកាច្រើនជាងមុន ទៅលើវិស័យការពារជាតិរបស់ខ្លួន ក្រោយមានសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។

លោក Scholz បានលើកឡើងថា រូបលោកមានការប្តេជ្ញាយ៉ាងរឹងមាំ ក្នុងការរក្សានិងពង្រីកសមត្ថភាពផលិតសព្វាវុធ ហេតុនេះហើយទើបអាល្លឺម៉ង់សម្រេចចិត្តថា នឹងបញ្ជាទិញយន្តហោះចម្បាំង Eurofighter ចំនួន២០គ្រឿងទៀត បន្ថែមពីលើ៣៨គ្រឿង ដែលត្រូវបានបញ្ជាទិញនាពេលកន្លងមក ហើយការបញ្ជាទិញថ្មីនេះ នឹងផ្តល់ភាពប្រាកដប្រជាថែមទៀត ដល់ក្រុមហ៊ុន Airbus ព្រមទាំងអ្នកផ្គត់ផ្គង់របស់ Airbus។ សង្រ្គាមរុស្ស៉ី​នៅអ៊ុយក្រែន ដែលបានផ្ទុះឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ គឺជាសង្រ្គាមដ៏អាក្រក់បំផុតមួយនៅលើទ្វីបអឺរ៉ុប គិតចាប់តាំងពីសម័យ​សង្រ្គាមលោកលើកទី២។

គួរបញ្ជាក់ថា កងទ័ពអាកាសអាល្លឺម៉ង់ ចង់ជំនួសកងយន្តហោះចម្បាំង Tornado ដែលមានអាយុកាលចាស់ៗអស់ទៅហើយរបស់ខ្លួន ជាមួយយន្តហោះចម្បាំង Eurofighter ដែលនៅចក្រភពអង់គ្លេសហៅថា Typhoon។ បើយោងតាមវែបសាយរបស់ទ័ពអាកាសអាល្លឺម៉ង់​ អាល្លឺម៉ង់បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការយន្តហោះ Eurofighter សរុប១៣៨គ្រឿង៕