(សេអ៊ូល)៖ នៅថ្ងៃពុធនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងអាមេរិក បានធ្វើបេសកកម្មហឹ្វកហ្វឺនរួមគ្នា ជាមួយកងយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង នៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងការពារជាតិកូរ៉េខាងត្បូង ពុំបានបញ្ជាក់ច្បាស់តែម្តង អំពីទីតាំងនៃការធ្វើសកម្មភាពហោះហើរហ្វឹកហាត់នោះឡើយ ប៉ុន្តែបានប្រាប់ថា ក្រុមយន្តហោះចម្បាំងកូរ៉េខាងត្បូង F-15 បានហោះហើរជាមួយ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1 និងហ្វឹកហាត់ប្រើគ្រាប់ពិត ហើយ​ក្នុងសមយុទ្ធយោធាដែនអាកាសនោះ ក្រុមយន្តហោះចម្បាំង F-35 និង F-16 របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏បានចូលរួមដែរ។ យោធាកូរ៉េខាងត្បូងនិងអាមេរិក បានបង្កើនការហ្វឹកហាត់រួមគ្នា ដើម្បីឆ្លើយតបការធ្វើតេស្តសព្វាវុធរបស់កូរ៉េខាងជើង ដែលរួមមានទាំងការបាញ់មីស៉ីលបាលិស្ទីគ និងការបាញ់អាវុធតាក់ទិចផ្សេងៗទៀត។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាខាងលើ កើតមានឡើង មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងបន្តសកម្មភាពយោធានានា​ឡើងវិញ នៅតាមបណ្តោយព្រំប្រទល់ជាប់កូរ៉េខាងជើង ក្រោយផ្អាកទាំងស្រុង នូវកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលត្រូវបានចុះហត្ថលេខា​កាលពីឆ្នាំ២០១៨ ក្រោមគោលដៅបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់ការប៉ះទង្គិចផ្នែកយោធា។ ការផ្អាកកិច្ចព្រមព្រៀងនោះ ស្ថិតក្នុង​ចំណាត់ការឆ្លើយតបចំពោះកូរ៉េខាងជើង ដែលនាពេលថ្មីៗ បានបង្ហោះបាឡុងសណ្តោងសំរាមរាប់រយបាឡុង ចូលមកកូរ៉េខាងត្បូង៕