(​ហ្សេរុយសាឡឹម)៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​ភាគ​ខាង​ជើង​ជាមួយ​ប្រទេស​លីបង់​នៅថ្ងៃ​ពុធនេះ ហើយបាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការដ៏ខ្លាំងក្លានៅភាគខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

ការព្រមាននេះ កើតឡើងចំពេលដែលទីប្រជុំជនអ៊ីស្រាអែលភាគច្រើន ដែលនៅជិតព្រំដែនជាមួយលីបង់ ត្រូវបានបញ្ជាឱ្យជម្លៀសចេញ ដោយសារការប្រឈមមុខនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីក្រុមហេសបូឡា។

លោក Netanyahu បាននិយាយថា «អ្នកណាដែលគិតថាពួកគេអាចធ្វើបាបយើង ហើយយើងនឹងឈរមើលគឺខុសហើយ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការយ៉ាងខ្លាំងនៅភាគខាងជើង។ ទោះយ៉ាងណាក៏ដោយ យើងនឹងស្តារសន្តិសុខឡើងវិញនៅភាគខាងជើង»។

គួរជម្រាបថា ក្នុងរយៈពេលប្រាំបីខែកន្លងមកនេះ អ៊ីស្រាអ៊ែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់បានផ្លាស់ប្តូរការបាញ់ប្រហារ ស្របគ្នាជាមួយនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា ដោយបង្កើនការភ័យខ្លាចនៃជម្លោះកាន់តែទូលំទូលាយ។ អរិភាពនាពេលបច្ចុប្បន្នត្រូវបានចាត់ទុកថា ធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមឆ្នាំ ២០០៦ ដែលបណ្តាលឱ្យមានការផ្លាស់ទីលំនៅរាប់ម៉ឺននាក់នៅសងខាងព្រំដែន៕