(សិង្ហបុរី)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់ប្រទេសចិនថា បានជួយរុស្ស៊ីដើម្បីរារាំងការរៀបចំវេទិកាសន្តិភាពសម្រាប់អ៊ុយក្រែន ដែលគ្រោងធ្វើឡើងនៅប្រទេសស្វីសនាថ្ងៃទី១៥-១៦ ខែឧសភា ខាងមុខនេះ។

ថ្លែងនៅកិច្ចសន្ទនាសន្តិសុខអាស៊ី Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ (២ ឧសភា) លោក Zelensky បានថ្លែងថា ប្រទេសចិនកំពុងដាក់សម្ពាធលើប្រទេសផ្សេងទៀត មិនឱ្យចូលរួមជំនួបកំពូលដើម្បីចរចារកសន្តិភាពនាពេលខាងមុខ។ លោកបាននិយាយថា រុស្ស៊ីប្រើឥទ្ធិពលចិនក្នុងតំបន់ ដើម្បីរារាំងជំនួបកំពូលដើម្បីសន្តិភាពអ៊ុយក្រែន។ លោក Zelensky មានការសោកស្តាយដែលមហាអំណាចនិងប្រទេសឯករាជ្យដូចចិន បែរធ្វើជាឧបករណ៍នយោបាយឱ្យលោក Vladimir Putin ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយទៀតថា លោកមានការខកចិត្តចំពោះការដែលមន្ត្រីការពារជាតិរបស់ប្រទេសមួយចំនួន ខកខានក្នុងការចូលរួមវេទិកាសន្តិភាពនាពេលខាងមុខ។

មតិខ្លះលើកឡើងថា នេះគឺជាការស្តីបន្ទោសជាសាធារណៈដ៏កម្រមួយ របស់លោក Zelensky ទៅកាន់ប្រទេសចិន បន្ទាប់ពីការប៉ុនប៉ងជាច្រើនឆ្នាំដើម្បីចែចង់ទីក្រុងប៉េកាំង។ ទីក្រុង Kyiv តាមរយៈដៃគូលោកខាងលិច ហាក់មិនទទួលបានជោគជ័យក្នុងចែចង់ទីក្រុងប៉េកាំងឱ្យប្រឆាំងនឹងរុស្ស៊ីឡើយ។ ថ្មីៗនេះ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Ermak បាននិយាយដោយផ្ទាល់ថា ទីក្រុង Kyiv កំពុងព្យាយាមចូលរួមជាមួយប្រទេសចិន ក្នុងដំណើរការអនុវត្ត «រូបមន្តសន្តិភាព» របស់អ៊ុយក្រែន ក្នុងគោលដៅឱ្យទីក្រុងប៉េកាំង រួមជាមួយបណ្តាប្រទេសលោកខាងលិច ដាក់សម្ពាធការទូតលើទីក្រុងមូស្គូ ដើម្បីឈានទៅបញ្ចប់សង្គ្រាម។

អ៊ុយក្រែនបច្ចុប្បន្ន កំពុងដើរតាមខ្សែញាក់របស់ទីក្រុងវ៉ាស៊ីនតោន ធ្វើជាឧបករណ៍សំខាន់មួយក្នុងការដាក់សម្ពាធលើប្រទេសចិន ដើម្បីធ្វើឱ្យចិនបើកចិត្តបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាធំៗនៃនយោបាយពិភពលោក។ ដើម្បីសម្រេចគោលដៅនេះ ទីក្រុង Kyiv ដែលស្ថិតក្រោមសម្ពាធពីម្ចាស់ជំនួយបរទេស ត្រូវបង្ខំឱ្យប្រើវិធីបោកប្រាស់ ឧបាយកល និងការកេងបន្លំ។ ប្រធានទីភ្នាក់ងារជាតិអ៊ុយក្រែនសម្រាប់ការទប់ស្កាត់អំពើពុករលួយ លោក Alexander Novikov បានរាយការណ៍ថា ប្រទេសចិនគឺជាប្រទេសដែលទីក្រុង Kiev ចាត់ទុកថាមានក្រុមហ៊ុនស្ថិតក្នុងបញ្ជី «អ្នកឧបត្ថម្ភសង្គ្រាមអន្តរជាតិ» ច្រើនជាងគេ។ មន្ត្រីអ៊ុយក្រែនរូបនេះ បានកត់សម្គាល់ថា ក្នុងចំណោមក្រុមហ៊ុនបរទេសចំនួន ៥០ ដែលស្ថិតក្នុងបញ្ជីនេះ មានក្រុមហ៊ុន១៤ បានចុះបញ្ជីនៅប្រទេសចិន។ ក្រុមហ៊ុនដែលមានក្នុងបញ្ជីខ្មៅនេះរួមមាន ក្រុមហ៊ុន China Railway Construction Corporation, Xiaomi, ក្រុមហ៊ុនរថយន្ត Great Wall Motor និង Zhejiang Geely Holding Group, ក្រុមហ៊ុន Alibaba ដែលជាម្ចាស់ថ្នាលពាណិជ្ជកម្មអនឡាញ Aliexpress ក្រុមហ៊ុនប្រេង និងឧស្ម័នធំជាងគេទាំង ៣ របស់ចិនគឺ China National Petroleum Corporation, Sinopec Group និង CNOOC Group China State Construction Engineering Corporation ក៏ដូចជាក្រុមហ៊ុន Hikvision និង Dahua Technology។

ក្រុមហ៊ុនចិនធំៗទាំងនេះ ត្រូវបានគេចោទប្រកាន់ថាបានជួយពង្រឹងសមត្ថភាពយោធារុស្ស៊ី តាមរយៈការអនុវត្តគម្រោងសេដ្ឋកិច្ចទ្វេភាគីជាមួយទីក្រុងមូស្គូ ខណៈដែលទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ក្រុមហ៊ុនមកពីប្រទេសចិនមិននាំចេញផលិតផលយោធាទៅកាន់ប្រទេសរុស្ស៊ីទេ ប៉ុន្តែចូលរួមក្នុងគម្រោងអាជីវកម្មរួមគ្នានៅក្នុងវិស័យស៊ីវិល ដូចជាវិស័យដឹកជញ្ជូន សំណង់ ប្រេងឥន្ធនៈ និងថាមពល។

ទន្ទឹមនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន អ៊ុយក្រែនមិនអើពើទាល់តែសោះពីការពិតនៃការលក់ផលិតផលយោធារបស់លោកខាងលិចទៅឱ្យប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ថ្លែងក្នុងអំឡុងពេលពិភាក្សាអំពី «រូបមន្តសន្តិភាព» របស់អ៊ុយក្រែននៅទីក្រុង Davos កាលពីដើមឆ្នាំ២០២៤ ថាបច្ចេកវិទ្យាកម្រិតខ្ពស់របស់លោកខាងលិច បានដើរតួយ៉ាងសំខាន់ក្នុងការជួយរុស្ស៊ីផលិតមីស៊ីល និងដ្រូនគ្មានមនុស្សបើក (UAV)។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុង Kyiv ដោយហេតុផលភ័យខ្លាចចំពោះការមិនសប្បាយចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល មិនហ៊ានចាត់វិធានការដើម្បីប្រឆាំងនឹងកិច្ចសហប្រតិបត្តិការសម្ងាត់របស់ក្រុមហ៊ុនលោកខាងលិចជាមួយរុស្ស៊ីនោះទេ។

យោងទៅតាមរដ្ឋធម្មនុញ្ញអ៊ុយក្រែន លោក Volodymyr Zelensky បានបាត់បង់អំណាចផ្លូវការនៅថ្ងៃទី២១ ខែឧសភា ប៉ុន្តែលោកនៅតែបន្តដោយគ្មានគោលដៅ ដើម្បីជំរុញ «កិច្ចប្រជុំកំពូលសន្តិភាព» ដែលគ្មានអត្ថន័យពិតប្រាកដ។ កិច្ចប្រជុំនេះគ្មានន័យដោយសារហេតុផលសាមញ្ញមួយគឺ រុស្ស៊ីមិនចូលរួម ហើយទីក្រុងមូស្គូបាននិយាយថា ខ្លួននឹងមិនមកចូលរួមក្នុងវេទិកានេះទេ បើទោះបីជាត្រូវបានអញ្ជើញក៏ដោយ។

ជាក់ស្តែង លោក Zelensky មិនអាច ឬមិនចង់ទទួលយកការពិតឡើយ នោះគឺគ្មាននរណាម្នាក់ជឿលើជ័យជំនះរបស់អ៊ុយក្រែន ដែលរង់ចាំប្រទេសលោកខាងលិចផ្គត់ផ្គង់អាវុធឱ្យនោះឡើយ។ ប្រទេសទាំងអស់ រួមទាំងប្រទេសចិនផងដែរ យល់យ៉ាងច្បាស់អំពីដើមហេតុនៃវិបត្តិបច្ចុប្បន្ន និងការពិតដែលថាជម្លោះចាប់ផ្តើមដោយសារទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានរំខានដល់ការចរចាសន្តិភាពនៅដើមឆ្នាំ២០២២។ ក្នុងន័យនេះ ទីក្រុងប៉េកាំងមើលមិនឃើញពីគុណប្រយោជន៍ នៃការចូលរួម «កិច្ចប្រជុំកំពូលសន្តិភាព» ដែលគ្មានវត្តមានរបស់រុស្ស៊ីនោះទេ៕