(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (Jokowi) បានប្រកាសឱ្យដឹងនៅថ្ងៃពុធនេះថា លោកគ្រោងនឹងចាប់ផ្តើមបំពេញការងារពីរដ្ឋធានីថ្មីនៅខែក្រោយ ទោះបីជាមានការព្រួយបារម្ភអំពីអនាគតនៃគម្រោងនេះ បន្ទាប់ពីមានការលាលែងពីតំណែងដោយមិននឹកស្មានដល់ របស់មន្ត្រីជាន់ខ្ពស់ដែលទទួលបន្ទុកការអភិវឌ្ឍន៍ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

លោក Jokowi បានមានប្រសាសន៍ថា វឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្រោមដំណាក់កាលដំបូងនៃរដ្ឋធានីថ្មីដែលមានតម្លៃ៣២ពាន់លានដុល្លារ ដែលមានឈ្មោះថា Nusantara នៅលើកោះ Borneo សម្រេចបានប្រមាណ ៨០% ហើយ។

លោក Jokowi បានថ្លែងនៅក្នុងការបង្ហោះនៅលើ Instagram ថា «សូមព្រះប្រទានពរ ខ្ញុំនឹងចាប់ផ្តើមធ្វើការពីរដ្ឋធានីថ្មីនៅខែកក្កដា»។ លោកបានបន្ថែមថា ការត្រៀមរៀបចំដើម្បីប្រារព្ធទិវាឯករាជ្យជាតិលើកទី ៧៩ របស់ឥណ្ឌូនេស៊ីនៅរដ្ឋធានីថ្មីនៅខែសីហា កំពុងដំណើរការយ៉ាងល្អ។

ការលាលែងពីតំណែងរបស់ប្រធាន និងអនុប្រធាននៃស្ថាប័នដែលទទួលបន្ទុកត្រួតពិនិត្យរដ្ឋធានីថ្មីបានបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ។ យ៉ាងណាក៏ដោយ លោក Jokowi បានបដិសេធការព្រួយបារម្ភនេះ និងបានចុះទៅត្រួតពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ និងបើកការសាងសង់អគារបន្ថែមទៀតនៅ Nusantara៕