(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងនៅថ្ងៃពុធនេះថា ចិនប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងប្រឆាំងនឹងពាក្យសម្តី ឬទង្វើណាមួយដែលធ្វើឱ្យភាពតានតឹងនៅឧបទ្វីបកាន់តែធ្ងន់ធ្ងរឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រី Mao បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីសាធារណៈរដ្ឋកូរ៉េ (ROK) ឬកូរ៉េខាងត្បូង បានសម្រេចផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងយោធាថ្ងៃទី ១៩ ខែកញ្ញាជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) «រហូតដល់ទំនុកចិត្តគ្នាទៅវិញទៅមកត្រូវបានស្តារឡើងវិញ»។

លោកស្រី Mao បាននិយាយថា «ការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ គឺជាប្រយោជន៍រួមរបស់ភាគីពាក់ព័ន្ធទាំងអស់»។ លោកស្រីបានកត់សម្គាល់ថា ថ្មីៗនេះស្ថានការណ៍នៅឧបទ្វីបកូរ៉េមានភាពតានតឹង ហើយការប្រឈមមុខដាក់គ្នារវាងភាគីពាក់ព័ន្ធកាន់តែខ្លាំងឡើង។ ចិនមានការព្រួយបារម្ភអំពីការវិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ។

លោកស្រី Mao បានបន្តថា ចិនប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ គាំទ្រភាគីពាក់ព័ន្ធក្នុងការកែលម្អទំនាក់ទំនងតាមរយៈការសន្ទនា និងប្រឆាំងនឹងពាក្យសម្តី ឬទង្វើណាមួយដែលធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង។

លោកស្រីបានបញ្ចប់ថា «យើងសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និយាយ និងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងដើរតួនាទីយ៉ាងស្ថាបនាក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបនេះ»៕