(HANGZHOU, ចិន)៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះ បាននិយាយថាចិនមានតួនាទីសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែក សម្រេចឱ្យបាននូវគោលដៅអាកាសធាតុសកល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង Hangzhou នៃភាគខាងត្បូងប្រទេសចិន មួយថ្ងៃបន្ទាប់ពីបានជួបក្រុមមន្ត្រីចិន ក្នុងឱកាសបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង លោក Robert Habeck បានគូសបញ្ជាក់ដូច្នេះថា «បើមិនមានការចូលរួមពីចិនទេ វានឹងមិនអាចទៅរួចឡើយក្នុងការសម្រេចឱ្យបាននូវគោលដៅអាកាសធាតុសកល»។ លោកបន្ថែមទៀតថា ក្នុងពេលបច្ចុប្បន្ន មានបញ្ហាមួយចំនួនដែលជាឧបសគ្គរារាំងដល់ការទប់ស្កាត់ការកើនឡើងកម្ដៅផែនដី ដូច្នេះហើយទើបការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំង គឺជារឿងមួយចាំបាច់។

គួរបញ្ជាក់ថា អំឡុងទស្សនកិច្ចរបស់លោក Habeck ក្នុងប្រទេសចិន ចាប់តាំងពីថ្ងៃសៅរ៍ ទី២២ ខែមិថុនា ក្រុមមន្ត្រីចិន និងក្រុមមន្ត្រីសហភាពអឺរ៉ុបបាននិយាយថាពួកគេបានឯកភាពគ្នា ដើម្បីចាប់ផ្ដើមបើកកិច្ចពិភាក្សាស្ដីពីសំណើដំឡើងពន្ធលើការនាំចូលរថយន្ដអគ្គិសនីផលិតដោយចិន ចូលក្នុងទីផ្សារអឺរ៉ុប ខណៈមានការព្រួយបារម្ភពីការផ្ទុះឡើងនូវសង្រ្គាមពាណិជ្ជកម្ម រវាងចិន និងសហភាពអឺរ៉ុប៕