(ម៉ូស្គូ)៖ មន្ត្រីរុស្ស៊ីបាននិយាយនៅថ្ងៃអាទិត្យនេះថា អ៊ុយក្រែនបានវាយប្រហារលើឧបទ្វីបគ្រីមៀ ដែលជាដែនដីដែលរុស្ស៊ីបញ្ចូលជាផ្នែកមួយរបស់ខ្លួន ដោយប្រើប្រាស់មីស៊ីលចំនួន៥គ្រាប់ ដែលផ្គត់ផ្គង់ដោយអាមេរិក បានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ រួមទាំងកុមារពីរនាក់ និងបានបណ្តាលឱ្យមនុស្ស ១០០នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនអាចបាញ់ទម្លាក់មីស៊ីល ATACMS ​ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ចំនួន៤គ្រាប់ ដែលបំពាក់ដោយក្បាលគ្រាប់បែកចង្កោម។ ចំណែកគ្រាប់មីស៊ីលទី៥បានផ្ទុះនៅលើអាកាស។

បំណែកមីស៊ីលបានធ្លាក់នៅជិតឆ្នេរមួយក្នុងទីក្រុង Sevastopol ដែលជាកន្លែងប្រជាជនកំពុងសម្រាកលំហែកាយ។ អភិបាលទីក្រុង Sevastopol ដែលត្រូវបានរុស្ស៊ីតែងតាំង បានឱ្យដឹងនៅលើ Telegram ថា មនុស្សប្រហែល ១០០នាក់បានរងរបួស ដោយសារបំណែកមីស៊ីលទាំងនោះ។

ទូរទស្សន៍រដ្ឋរុស្ស៊ីបានបង្ហាញវីដេអូ មនុស្សរត់ចេញពីឆ្នេរ និងមនុស្សមួយចំនួនត្រូវបានគេដឹកចេញ។

ទោះជាយ៉ាងណា អ៊ុយក្រែនមិនទាន់បានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះនៅឡើយទេ។

គួរបញ្ជាក់ថា រុស្ស៊ីបានបញ្ចូលគ្រីមៀជាផ្នែកមួយរបស់ខ្លួនក្នុងឆ្នាំ២០១៤។ ឧបទ្វីបនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងម៉ូស្គូចាប់តាំងពីពេលនោះមក ហើយរុស្ស៊ីចាត់ទុកវាជាផ្នែកមួយរបស់ខ្លួន ទោះបីជាពិភពលោកភាគច្រើនចាត់ទុកវាជាផ្នែកមួយរបស់អ៊ុយក្រែនក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា រុស្ស៊ីមានបំណងស្វែងរកការឆ្លើយតប ពីអង្គការអន្តរជាតិចំពោះការវាយប្រហារនេះ ដោយចោទថាអង្គការទាំងនេះបាន «ចូលរួមជាមួយលោកខាងលិច»