(ក្រុងគែរ)៖ ក្រុមអ្នកស្រុកបាននិយាយថា នៅថ្ងៃអាទិត្យនេះរថក្រោះអ៊ីស្រាអែលបានធ្វើដំណើរទៅដល់ជាយជំរំ Al-Mawasi សម្រាប់ជនភៀសខ្លួនក្នុងទីក្រុង Rafah ភាគខាងត្បូង Gaza Strip ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ជាមួយនឹងក្រុមយុទ្ធជនហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

រូបថត​ដែល​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយលើបណ្តាញសង្គម ​បាន​បង្ហាញ​រថក្រោះ​អ៊ីស្រាអែល​ពីរ​គ្រឿង​នៅលើ​កំពូល​ភ្នំ​មួយ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន Reuters មិនអាច​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​របស់​វាបានទេ។

អ្នកស្រុកម្នាក់បានរាយការណ៍ថា មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងដោយបង្ខំគ្រួសារ ឱ្យភៀសខ្លួនទៅកាន់តំបន់ Khan Yunis ខណៈ រថក្រោះរបស់អ៊ីស្រាអែលបានរុញចូលកាន់តែជ្រៅទៅក្នុងទីក្រុង Rafah ដោយបានបំផ្លាញផ្ទះរាប់សិបខ្នង។ ជាងប្រាំបីខែនៅក្នុងសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា ប្រតិបត្តិការទៅមុខរបស់ខ្លួន ត្រូវបានផ្តោតលើតំបន់ពីរ​ដែលមិនទាន់ត្រូវបានដណ្តើមយកគឺ Rafah និង Deir al-Balah ។

កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានធ្វើប្រតិបត្តិការតាមគោលដៅនៅទីក្រុង Rafah ជាកន្លែងដែលខ្លួនបានរកឃើញហាងលក់អាវុធ និងច្រករបៀងផ្លូវរូងក្រោមដី ហើយបានសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន។

នៅកន្លែងផ្សេងទៀត ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស៨នាក់នៅតំបន់ Sabra នៃទីក្រុងហ្គាហ្សា និងការវាយឆ្មក់មួយទៀតបានសម្លាប់មនុស្សពីរនាក់នៅទីក្រុង Nuseirat ។ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៤០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយឆ្មក់នៅតំបន់ហ្គាហ្សាភាគខាងជើង។

គួរបញ្ជាក់ថា ជម្លោះបានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៥០នាក់។ ការវាយលុកដែលកំពុងបន្តបាននាំឱ្យមានការស្លាប់របស់ជនជាតិប៉ាឡេស្ទីនជាង ៣៧,៤០០នាក់ និងការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅក្នុងតំបន់ហ្គាហ្សា៕