(ESPARGOS, ប្រទេសកាប់វែរ)៖ ឧត្តមសេនីយ៍កំពូលអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា បាននិយាយថាសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករបស់ប្រធានាធិបតីរុស្ស៉ី​ លោក វ្ល៉ាឌីមៀ ពូទីន ជាមួយកូរ៉េខាងជើង អាចនឹងបង្កើតជាភាពប្រេះឆាជាមួយចិន ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងមកហើយរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានអគ្គសេនាធិការចម្រុះកងទ័ពអាមេរិក លោក Charles Brown Jr ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន អំឡុងដំណើរទស្សនកិច្ចមួយទៅក្រៅប្រទេស។ លោក Brown បានទទួលស្គាល់ថាសហរដ្ឋអាមេរិកពិតជាមួយការព្រួយបារម្ភចំពោះសន្ធិសញ្ញារវាងរុស្ស៉ី និងកូរ៉េខាងជើង។ ក៏ប៉ុន្តែ លោកផ្ទាល់បានលើកឡើងនូវការវិភាគរបស់អ្នកជំនាញមួយចំនួនដែលយល់ថា ភាពជាដៃគូរវាងរុស្ស៉ី និងកូរ៉េខាងជើងគឺមានដែនកំណត់ ព្រមទាំងបង្ហាញការសង្ស័យថាតើទីក្រុងមូស្គូអាចនឹងផ្ដល់ឱ្យកូរ៉េខាងជើងនូវអ្វីៗគ្រប់យ៉ាងតាមដែលទីក្រុងព្យុងយ៉ាងចង់បានដែរឬ ក៏យ៉ាងណា? «ដូច្នេះវាពិតជាគួរឱ្យចាប់អារម្មណ៍ថាតើប្រទេសទាំង៣នេះ នឹងត្រូវដោះស្រាយបែបណាតទៅមុខទៀត»។ នេះជាការគូសបញ្ជាក់របស់លោក Brown។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក ពូទីន បាននិយាយថារុស្ស៉ីអាចនឹងផ្ដល់អាវុធឱ្យកូរ៉េខាងជើង ដោយលោកផ្ទាល់ថាជាការឆ្លើយតបទៅនឹងលោកខាងលិចដែលកំពុងផ្គត់ផ្គង់ អាវុធឱ្យអ៊ុយក្រែន។ ចំណែក ក្រុមមន្ត្រីអាមេរិកវិញ ជឿថាកូរ៉េខាងជើងចង់បានយន្ដហោះចម្បាំង មីស៊ីលប្រឆាំងយន្ដហោះចម្បាំង រថពាសដែក បរិក្ខារ ឬសម្ភារៈសម្រាប់ផលិតមីស៊ីលបាលិស្ទីគ រួមទាំងបច្ចេកវិទ្យាយោធាទំនើបៗផ្សេងទៀតពីរុស្ស៉ី។

សន្ធិសញ្ញាការពារគ្នាទៅវិញទៅមកដែលត្រូវបានចុះហត្ថលេខាដោយលោក ពូទីន និងលោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៩ ខែមិថុនា បានកំណត់ថាភាគីម្ខាងៗត្រូវផ្ដល់ជំនួយ យោធាជាបន្ទាន់ដល់ភាគីម្ខាងណាដែលរងការឈ្លានពានពីសត្រូវ។ តាមលោក ពូទីន ទីក្រុងមូស្គូរំពឹងថាកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងនឹងអាចត្រូវបានប្រើជាវិធានការកំញើញប្រឆាំង នឹងលោកខាងលិច ប៉ុន្តែលោកបញ្ជាក់ថារុស្ស៉ីមិនត្រូវការប្រើទាហានកូរ៉េខាងជើង ក្នុងសង្រ្គាមនៅអ៊ុយក្រែននោះទេ៕