(ដែនដីប៉ាឡេស្ទីន)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាការវាយប្រយុទ្ធដ៏ខ្លាំងក្លារបស់យោធាអ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងទីក្រុង Rafah នៃភាគខាងត្បូងតំបន់ហ្កាហ្សា ជិតបិទបញ្ចប់ហើយ ប៉ុន្តែទទូចថាសង្រ្គាមនឹងមិនបញ្ចប់នោះទេ រហូតទាល់តែក្រុមហាម៉ាសលែងមានសមត្ថភាពគ្រប់គ្រង តំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែលជាលើកដំបូង ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមក លោក Netanyahu ក៏បានបង្ហើបដែរថា កងទ័ពអ៉ីស្រាអែលនឹងត្រូវបានដាក់ពង្រាយទៅកាន់តំបន់ព្រំដែនភាគខាងជើង ជាប់ជាមួយលីបង់ក្នុងពេលឆាប់ៗ ប៉ុន្តែដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ លោក Netanyahu បានគូសបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីស្រាអែល Channel 14 ដូច្នេះថា «ដំណាក់កាលប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាស ជិតបិទបញ្ចប់ហើយ។ តែវាមិន មែនមានន័យថាសង្រ្គាមនឹងត្រូវបិទបញ្ចប់ដែរនោះទេ ពោលគឺសង្រ្គាមនៅក្នុងដំណាក់កាលប្រយុទ្ធដ៏ខ្លាំងក្លានៅទីក្រុង Rafah ឆ្ពោះទៅរកការបិទបញ្ចប់»

បើតាមលោក Netanyahu នៅបន្ទាប់ពីបញ្ចប់ដំណាក់កាលប្រយុទ្ធដ៏ខ្លាំងក្លា អ៉ីស្រាអែលអាចនឹងដាក់ពង្រាយកងទ័ពទៅកាន់ព្រំដែនភាគខាងជើងជាមួយលីបង់ ក្រោមបុព្វហេតុ ការពារខ្លួន និងសម្រួលដល់ប្រជាជនអ៉ីស្រាអែលដែលភៀសខ្លួនត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះក៏បានអះអាងដែរថាលោកនឹង មិនចុះកិច្ចព្រមព្រៀងណាមួយ ដែលចែងពីការបិទបញ្ចប់សង្រ្គាមហ្កាហ្សានោះទេ តែអាចនឹងយល់ព្រមលើចំណុចខ្លះនៃកិច្ចព្រមព្រៀងដែលសម្រួលដល់ការដោះលែង ចំណាប់ខ្មាំងមួយចំនួន ទោះជាមិនទាំងអស់ក៏ដោយ។ «គោលដៅ នោះគឺការនាំចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញ ហើយកម្ទេចរបបដឹកនាំរបស់ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Netanyahu។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយខាងលើរបស់លោក Netanyahu ធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីលទ្ធភាពនៃការផ្ទុះសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុម Hezbollah ក្រោយមានសេចក្ដីរាយការណ៍ថាយោធាអ៉ីស្រាអែលបានអនុម័តហើយលើផែនការវាយលុកលើលីបង់៕