(មូស្គូ)៖ រុស្ស៉ី បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា សហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់គ្រីមៀ ដោយសារតែអ៊ុយក្រែន បានប្រើប្រាស់មីស៉ីល ៥គ្រាប់ផ្គត់ផ្គង់ពីអាមេរិក សម្រាប់ការវាយប្រហារនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា ការវាយប្រហារលើតំបន់គ្រីមៀ បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជាង ១៥១នាក់។ មីស៉ីល ATACMS ចំនួន ៤គ្រាប់ដែលសហរដ្ឋអាមេរិកផ្តល់ឱ្យ អ៊ុយក្រែន ដោយមានបំពាក់ក្បាលគ្រាប់បែកចង្កោម ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៉ី ហើយគ្រាប់ទី ៥បានផ្ទុះនៅលើអាកាស។ បំណែកនៃមីស៉ីល បានធ្លាក់ក្បែរឆ្នេរមួយ នៅភាគខាងជើងនៃទីក្រុង Sevastopol ខណៈដែលមនុស្សម្នាកំពុងសម្រាកលំហែកាយ។

ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ថា «ទំនួលខុសត្រូវចំពោះការវាយប្រហារដោយមីស៉ីល ដោយចេតនាលើជនស៉ីវិល ក្នុងទីក្រុង Sevastopol តំបន់គ្រីមៀ គឺលើសពីឱ្យទីក្រុងវ៉ាស៉ីនតោន ទទួលទៅទៀត ដោយសារតែមីស៉ីលទាំងនោះត្រូវបានផ្គត់ផ្គង់ទៅអ៊ុយក្រែន ហើយត្រូវបានប្រើប្រាស់ដោយរបបទីក្រុងកៀវ ចេញពីទឹកដីរបស់ខ្លួន»។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវប្រព័ន្ធមីស៉ីល ATACMS ដែលអាចបាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ។ គ្រីមៀ ដែលរុស្ស៉ីបានកាត់បញ្ចូល ឧបសម្ព័ន្ធរបស់ខ្លួន កាលពីឆ្នាំ២០១៤៕