(ម៉ានីល)៖ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា ប្រទេសលោក មិនមែនកំពុងមានបំណង ចង់បង្ករឿងឱ្យផ្ទុះជាសង្រ្គាមណាមួយឡើយ ហើយនឹងតែងតែព្យាយាមជានិច្ច ដើម្បីឆ្ពោះទៅរកការដោះស្រាយវិវាទ ដោយសន្តិវិធី ស្របពេលដែលភាពតានតឹង ជាមួយចិន កាន់តែបន្តកើនឡើង នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ថ្លែងទៅកាន់អង្គភាពកងកម្លាំងយោធាហ្វីលីពីន ដែលទទួលបន្ទុកមើលការខុសត្រូវ នៅតំបន់សមុទ្រចិនខាងត្បូង លោក Marcos Jr បាននិយាយដូច្នេះថា «ក្នុងកិច្ចរក្សាការពារប្រជាជាតិ យើងប្រកាន់ខ្ជាប់ជានិច្ច នូវធម្មជាតិនៃជនជាតិហ្វីលីពីនយើង នោះគឺពួកយើងតែង​ចង់ ដោះស្រាយបញ្ហាជម្លោះទាំងអស់នេះ ដោយសន្តិវិធី»។

ហេតុការណ៍ប្រឈមមុខគ្នាថ្មីចុងក្រោយបង្អស់ រវាងបុគ្គលិកកងកម្លាំងជើងទឹកហ្វីលីពីន និងកងឆ្មាំសមុទ្រចិន បានកើតមានឡើងអំឡុង បេសកកម្មផ្គត់ផ្គង់​សម្ភារ ជាប្រចាំមួយរបស់ទីក្រុងម៉ានីល នៅឯសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍កន្លងទៅ។ ហេតុការណ៍ស្រដៀងៗគ្នា រវាងចិននិងហ្វីលីពីន បាននិងកំពុងធ្វើឱ្យ តំបន់សមុទ្រចិនខាងត្បូង អាចក្លាយជាចំណុចមួយនៃការកើនឡើងអរិភាព រវាងទីក្រុងប៉េកាំង ហើយនិងទីក្រុងវ៉ាស៉ីនតោន ដែលជាសម្ព័ន្ធមិត្តជាប់សន្ធិសញ្ញា របស់ទីក្រុងម៉ានីល។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានចេញមុខ ថ្កោលទោសសកម្មភាពរបស់ចិន ហើយបានធានាអះអាងជាថ្មី នូវការប្តេជ្ញាយ៉ាងរឹងមាំ ចំពោះ​ការការពារហ្វីលីពីន ប្រឆាំងនឹងការវាយប្រហារនានា មកលើយន្តហោះនិងនាវារបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ក្រោមសន្ធិសញ្ញា​ស្តីពីការការពារគ្នាទៅវិញទៅមក។ ទោះជាបែបនេះក្តី កាលពីថ្ងៃសុក្រសប្តាហ៍មុន ហ្វីលីពីនបាននិយាយថា ពុំទាន់មានហេតុផលអ្វី ដើម្បី​យកសន្ធិសញ្ញាមកអនុវត្តនោះទេ ដ្បិតទីក្រុងម៉ានីលហៅវាថា ជាសកម្មភាពដែលធ្វើឱ្យភាពតានតឹងកើនឡើង ប៉ុន្តែមិនទាន់អាចត្រូវចាត់ថ្នាក់ជា «ការវាយប្រហារប្រដាប់អាវុធ» ឡើយ៕