(ណៃពិដោ)៖ ប្រភពពីយោធាមីយ៉ាន់បានឱ្យដឹងនាថ្ងៃចន្ទនេះថា ក្រុមដំបូងនៃមនុស្សសរុប៥,០០០នាក់ ដែលត្រូវបានរបបសឹកកោះហៅ ឱ្យចូលបំពេញកាតព្វកិច្ចយោធាជាកំហិត នឹងចាប់ផ្តើមអនុវត្តភារកិច្ចរបស់ពួកគេ នៅចុងខែមិថុនានេះ ខណៈរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងបន្តជួបការលំបាក ក្នុងការបង្រ្កាបចលនាតស៊ូបះបោរ ប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។

របបសឹកមីយ៉ាន់ម៉ា បានសម្រេចអនុវត្តឡើងវិញ នូវច្បាប់តម្រូវឱ្យពលរដ្ឋចូលបំពេញកាតព្វកិច្ចយោធា កាលពីខែកុម្ភៈ ឆ្នាំនេះ ពោលគឺ៣ឆ្នាំ ក្រោយខ្លួនបានធ្វើរដ្ឋប្រហារដណ្តើមអំណាច រួចបង្កឱ្យមានចលនាបះបោរប្រដាប់អាវុធ ដែលបានរីកសុសសាយសឹងពាសពេញប្រទេស។ ច្បាប់ខាងលើអនុញ្ញាតឱ្យរបបសឹក កោះហៅបុរសអាយុចន្លោះ១៨-៣៥ឆ្នាំ និងស្រ្តីអាយុចន្លោះ១៨-២៧ឆ្នាំ ចូលបម្រើកងទ័ពយ៉ាងហោច​រយៈពេល២ឆ្នាំ។

យោងតាមប្រភពពីជួរយោធាមីយ៉ាន់ម៉ាដែល AFP ទទួលបាន ក្រុមដំបូងនៃអ្នកទាំងនោះ ដែលបានចាប់ផ្តើមចូលទទួលការបណ្តុះបណ្តាល​ផ្នែកយោធា កាលពីដើមខែមេសាកន្លងទៅ នឹងបញ្ចប់ការហ្វឹកហាត់របស់ពួកគេ នៅចុងខែនេះ។ ក្រោយបញ្ចប់ការហ្វឹកហាត់ ទាហានថ្មីសរុប​៥,០០០នាក់ទាំងនោះ នឹងត្រូវដាក់ពង្រាយឱ្យឈរជើង នៅតាមបញ្ជាការដ្ឋានយោធាខុសៗគ្នា ជុំវិញប្រទេស ដើម្បីចាប់ផ្តើមអនុវត្តភារកិច្ច​របស់ពួកគេ។

គួរបញ្ជាក់ថា ប្រទេសអាស៊ានមួយនេះ បានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងពីរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានផ្តួលរំលំ​រដ្ឋាភិបាលស៉ីវិល របស់លោកស្រី Aung San Suu Kyi។ ចាប់តាំងពីពេលនោះមក មនុស្សសរុបជាង៥,២០០នាក់ ត្រូវបានសម្លាប់ អំឡុងការបង្រ្កាបរបស់យោធាលើពួកប្រឆាំង ហើយប្រហែលជាង២៦,០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន បើតាមអង្គការឃ្លាំមើល​ នៅមីយ៉ាន់ម៉ា៕