(សិង្ហបុរី)៖ យន្តហោះ Korean Airlines ដែលហោះហើរពីកូរ៉េខាងត្បូង ទៅកាន់តៃវ៉ាន់កាលពីថ្ងៃសៅរ៍ (ថ្ងៃទី២២ ខែមិថុនា) ត្រូវបានបង្ខំចិត្តបត់ត្រឡប់ទៅកូរ៉េខាងត្បូងវិញ ដោយសារបញ្ហាបច្ចេកទេស។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន CNA ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ជើងហោះហើរ KE189 បានចាកចេញពីព្រលានយន្តហោះអន្តរជាតិ Incheon ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិ Taichung នៅម៉ោង ៤:៤៥ នាទីល្ងាច ដោយមានអ្នកដំណើរ ១២៥ នាក់នៅលើយន្តហោះ។

យន្តហោះនេះបានរកឃើញថា មានបញ្ហាទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងសម្ពាធក្នុងកាប៊ីន ៥០នាទី បន្ទាប់ពីហោះឡើង។ នៅពេលនោះយន្តហោះកំពុងហោះហើរនៅលើកោះ Jeju របស់កូរ៉េខាងត្បូង។

យោងតាមទិន្នន័យពីគេហទំព័រ Flightradar24 ដែលជាសេវាកម្មតាមដានជើងហោះហើរ បានបង្ហាញថា កម្ពស់របស់យន្តហោះបានធ្លាក់ចុះ ២៥,០០០ហ្វីត (៧.៦គីឡូម៉ែត្រ) ក្នុងរយៈពេលប្រហែលប្រាំបីនាទី។ យន្តហោះនេះបានមកដល់ព្រលានយន្តហោះ Incheon វិញនៅម៉ោង ៧:៤០នាទីល្ងាច។

អ្នកដំណើរចំនួន ១៥ នាក់មានការឈឺចាប់ត្រចៀក និងពិបាកដកដង្ហើមក្នុងអំឡុងពេលចុះចត ហើយក្នុងចំណោមនោះ ១៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដោយដកស្រង់សម្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កូរ៉េខាងត្បូង។ ប៉ុន្តែមិនមានរបាយការណ៍អំពីរបួសធ្ងន់ធ្ងរនោះទេ។

ជើងហោះហើរត្រូវបានបន្តឡើងវិញកាលពីថ្ងៃអាទិត្យ ដោយប្រើយន្តហោះផ្សេង ប្រហែល១៩ម៉ោងបន្ទាប់ពីកាលវិភាគចេញដំណើរដំបូង នេះបើយោងតាមការចុះផ្សាយរបស់ Korea JoongAng Daily៕