(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃចន្ទនេះ ដោយដកស្រង់សេចក្តីថ្លែងការណ៍មុនរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា ប្រទេសរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក បានចាប់ផ្តើមធ្វើបច្ចុប្បន្នភាពគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

លោក Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «លោកប្រធានាធិបតី Putin បាននិយាយថា ការងារកំពុងដំណើរការដើម្បីនាំយកគោលនយោបាយ (នុយក្លេអ៊ែរ)​ ឱ្យស្របទៅនឹងការពិតបច្ចុប្បន្ន»

សមាជិកជាន់ខ្ពស់នៃសភារុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងម៉ូស្គូអាចកាត់បន្ថយពេលវេលាធ្វើសេចក្តីសម្រេចចិត្ត ដែលមានចែងក្នុងគោលនយោបាយផ្លូវការ ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមើលឃើញថាការគំរាមកំហែងកើនឡើង។

លោក ពូទីន ក៏ធ្លាប់បាននិយាយកាលពីខែមុនដែរថា រុស្ស៊ីអាចនឹងផ្លាស់ប្តូរ នូវគោលនយោបាយនុយក្លេអ៊ែរផ្លូវការរបស់ខ្លួន ដែលកំណត់លក្ខខណ្ឌដែលអាវុធបែបនេះអាចប្រើប្រាស់បាន។

សង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានការប្រឈមមុខគ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ១៩៦២៕