(វ៉ាស៊ីនតោន)៖ មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក បាននិយាយថាចិនមានការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងកាន់តែបានចិត្ត ក្នុងការធ្វើសកម្មភាពបង្ករឿង ដែលអាចនឹងបង្កឱ្យផ្ទុះជាវិបត្តិមួយនៅក្នុងតំបន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell ធ្វើការកត់សម្គាល់បែបនេះនៅឯវេទិកាមួយរៀបចំឡើងដោយវិទ្យាស្ថាន Council on Foreign Relations មានមូលដ្ឋាន ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនា។ បើតាមលោក Campbell ចិនបានឱ្យសញ្ញានៅក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិកថាខ្លួនមាន ការព្រួយបារម្ភ បន្ទាប់ពីលោក ពូទីនកាលពីសប្ដាហ៍មុនបានចុះហត្ថលេខាលើសន្ធិសញ្ញាយោធាជាមួយកូរ៉េខាងជើង។ លោក Campbell បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថា វាគឺជារឿងត្រូវនិយាយដោយបើកចំហថាចិនអាចមានការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងកាន់តែបានចិត្ត ដើម្បីធ្វើសកម្មភាពបង្ករឿងដែលអាចនឹងបង្កទៅជាវិបត្តិមួយ ក្នុងតំបន់អាស៊ីឦសាន»។

លោក Campbell ក៏បានលើកឡើងផងដែរពីការកើនឡើងឧបទ្ទវហេតុយោធាទ្រង់ទ្រាយតូចបង្កឡើងដោយកូរ៉េខាងជើង នៅតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង រួមទាំងភាសា សម្លុតគំរាមរបស់ទីក្រុងព្យុងយ៉ាង និងការតាំងចិត្តមិនចង់ដោះស្រាយបញ្ហាតាមផ្លូវការទូតជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក ពូទីន កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលមានចែងពីការផ្ដល់ជំនួយយោធាជួយ គ្នាទៅវិញទៅមក ក្នុងករណីដែលភាគីម្ខាងណា រងការឈ្លានពាន៕