(វ៉ាស៉ីនតោន)៖ នៅក្នុងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ទៅកាន់រដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant អំពីតម្រូវការឱ្យអ៉ីស្រាអែលរៀបចំផែនការក្រោយសង្រ្គាមដ៏រឹងមាំមួយ សម្រាប់តំបន់ហ្កាហ្សា និងធានាថាភាពតានតឹងជាមួយក្រុម Hezbollah មិនកើនឡើងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០២៤។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក នៅក្រោយជំនួប «លោក Blinken បានធ្វើបច្ចុប្បន្នភាពប្រាប់ លោក Gallant ជុំវិញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងបន្ត ដើម្បីជំរុញសន្តិសុខ អភិបាលកិច្ច និងការកសាងតំបន់ហ្កាហ្សាឡើងវិញ ក្រោយសង្រ្គាមបិទបញ្ចប់ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការងារនោះ ចំពោះសន្តិសុខរបស់អ៉ីស្រាអែល»

សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្ថែមថា «លោក Blinken ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងចៀសវាងភាពតានតឹងកាន់តែខ្លាំង និងឈានទៅរកដំណោះស្រាយការទូត ដែលអនុញ្ញាតឱ្យពលរដ្ឋអ៉ីស្រាអែល និងលីបង់ ដែលភៀសខ្លួន អាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ»

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន។ លោកបានជួបជំនួយការកំពូលៗរបស់ លោក បៃដិន ក៏ដូចជានាយក CIA លោក Bill Burns ហើយគ្រោងជួបជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin នៅថ្ងៃអង្គារនេះ៕