(បែរឡាំង)៖ ប្រទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញបានប្រកាសពីផែនការរួមគ្នាមួយ ដើម្បីទិញអាវុធរយៈចម្ងាយឆ្ងាយ មកបំពេញឃ្លាំងស្កុកដែលធ្លាក់ចុះ ដោយសារតែសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងបី និយាយថា ពួកគេនឹងបង្កើតយន្តការមួយដើម្បីទិញ «អាវុធកំណត់គោលដៅជាក់លាក់» ដូចជាមីស៉ីលគ្រូស ហើយមហាអំណាចអឺរ៉ុបផ្សេងទៀតអាចចូលរួមបាន។ បន្ទាប់ពីជួបសមភាគីប៉ូឡូញ និងបារាំង ក្នុងជំនួបត្រីភាគី លើកដំបូងគិតចាប់តាំងពីឆ្នាំ ២០១៥ នៅទីក្រុងប៉ារីស រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានបញ្ជាក់ថា «អាវុធកំណត់គោលដៅជាក់លាក់ គឺកំពុងខ្វះខាតខ្លាំងក្នុងស្តុកអាវុធអឺរ៉ុប។ រហូតដល់កិច្ចប្រជុំកំពូលណាតូ នៅទីក្រុងវ៉ាស៊ីនតោន យើងមានបំណងប្រមូលផ្តុំបណ្តាប្រទេសអឺរ៉ុបដែលមានគំនិតដូចគ្នា បំពេញចន្លោះខ្វះខាតនេះ ក្នុងរយៈពេលមធ្យមទៅវែង»។

ជាជំហានផ្លូវការដំបូងនៃផែនការខាងលើ គឺប្រទេសទាំង៣ នឹងចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈមួយ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ណាតូ​ ដែលគ្រោងធ្វើឡើងនា​ខែ​កក្កដា។ រដ្ឋមន្រ្តីការពារជាតិបារាំង លោក Sebastien Lecornu និយាយថា លិខិត​នោះ​នឹង​វាយ​តម្លៃ​ថា​តើ​ប្រទេស​ និងក្រុមហ៊ុនណា​មាន​សមត្ថភាពផលិតអាវុធរយៈ​ចម្ងាយ​ឆ្ងាយ​។

គួរបញ្ជាក់ថា ក្នុងឃ្លាំងស្តុករបស់ប្រទេសអឺរ៉ុប នៅមានមីស៉ីលគ្រូសដែលប្រើប្រព័ន្ធចាស់ និងមានតម្លៃថ្លៃ ដូចជា Storm Shadow របស់ចក្រភពអង់គ្លេស Scalp របស់បារាំង និង Taurus របស់អាល្លឺម៉ង់។ កន្លងមកមានការខ្វែងគំនិតគ្នាថា តើត្រូវផ្គត់ផ្គង់ពួកវា ទៅឱ្យអ៊ុយក្រែនឬទេ ចំពេលមានការភ័យខ្លាចថា ការវាយលុកចូលជ្រៅទៅក្នុងទឹកដីរុស្ស៉ី ជាមួយនិងអាវុធដែលមានប្រភពមកពីអឺរ៉ុប អាចបង្វែរសង្គ្រាមទៅជាជម្លោះក្នុងតំបន់៕