(ម៉ូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី បានរាយការណ៍នាថ្ងៃអង្គារនេះថា រុស្ស៉ីនិងឥណ្ឌា កំពុងធ្វើការត្រៀមរៀបចំដំណើរទស្សនកិច្ច​សម្រាប់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi មកកាន់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤។

បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA ទីប្រឹក្សាគោលនយោបាយការបរទេសនៃវិមានក្រឹមឡាំង លោក Yuri Ushako បានបង្ហើបឱ្យដឹងថា លោក Modi នឹងមកបំពេញទស្សនកិច្ចនៅរុស្ស៉ី ជាលើកដំបូងគិតចាប់តាំងពីសង្រ្គាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែនបានផ្ទុះឡើង។ រីឯបើតាមសារព័ត៌មានរុស្ស៉ី TASS លោកនាយករដ្ឋមន្រ្តីឥណ្ឌា ត្រូវបានរំពឹងថា នឹងចំណាយពេល២ថ្ងៃ ស្ថិតក្នុងប្រទេសរុស្ស៉ី អំឡុងដើមខែកក្កដាខាងមុខនេះ។ លោក Ushako បានបន្ថែមថា កាលបរិច្ឆេទ​ជាក់លាក់ នឹងត្រូវប្រកាសនាពេលក្រោយ។

គួរបញ្ជាក់ថា លើកចុងក្រោយដែលលោក Modi បានបំពេញទស្សនកិច្ចមកកាន់រុស្ស៉ី គឺកាលពីឆ្នាំ២០១៩ នៅពេលលោកធ្វើដំណើរមក ទីក្រុង Vladivostok នៃតំបន់ចុងបូព៌ារបស់រុស្ស៉ី ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចមួយ នៅទីនោះ។ ចាប់តាំងពីឆ្នាំ២០០០ ឥណ្ឌានិងរុស្ស៉ី តែងប្រារព្ធកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយគ្នា។ លើកចុងក្រោយដែលកិច្ចប្រជុំបែបនេះ ត្រូវបានប្រារព្ធឡើង គឺកាលពីខែធ្នូ ឆ្នាំ២០២១ នៅរដ្ឋធានីញូវដែលីរបស់ឥណ្ឌា ជាទីដែលលោក ពូទីន បានទៅចូលរួម៕