(ម៉ានីល)៖ អនុប្រធានាធិបតីហ្វីលីពីន អ្នកស្រី Sara Duterte បានឱ្យដឹងនៅថ្ងៃអង្គារនេះថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ព្រមទាំងកូនប្រុសទាំង២នាក់របស់លោក គ្រោងនាំគ្នាឈរឈ្មោះដើម្បីប្រកួតប្រជែង ក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤។

អ្នកស្រី Sara Duterte ដែលជាកូនស្រីរបស់លោក Rodrigo Duterte បាននិយាយដូចខាងលើ ប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅរយៈពេលមិនដល់ ១សប្តាហ៍ឡើយ បន្ទាប់ពីអ្នកស្រីបានសម្រេចចិត្ត លាលែងពីតំណែងជារដ្ឋមន្រ្តី ក្នុងជួរគណៈរដ្ឋមន្រ្តីរបស់ប្រធានាធិបតី លោក Ferdinand Marcos Jr. និងតួនាទីសំខាន់មួយទៀត។

ការលាលែងពីតំណែងរបស់អ្នកស្រី Sara Duterte គឺសញ្ញាដ៏ច្បាស់ បង្ហាញពីអ្វីដែលក្រុមអ្នកតាមដាននយោបាយ បានទស្សន៍ទាយ​ជាយូរមកហើយថា សម្ព័ន្ធភាពរវាងគ្រួសារទាំងពីរ ដែលបានជួយជ្រោមជ្រែង លោក Marcos និងអ្នកស្រី ឱ្យឡើងកាន់អំណាច កាលពីឆ្នាំ២០២២ គឺមុខជានឹងដួលរលំវិញមិនខាន ដោយសារតែការយល់ឃើញខុសគ្នា ជុំវិញការធ្វើនយោបាយ និងគោលនយោបាយ។

គួរបញ្ជាក់ថា លោក Rodrigo Duterte បានផុតអាណត្តិកាន់អំណាច ជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០២២។ កូនប្រុសច្បង​របស់លោក គឺលោក Paolo Duterte សព្វថ្ងៃជាសមាជិករដ្ឋសភា ខណៈកូនប្រុសលោកម្នាក់ទៀត គឺលោក Sebastian Duterte ជាអភិបាលក្រុង Davao ភាគខាងត្បូងហ្វីលីពីន ដែលស្ថិតក្រោមដែនឥទ្ធិពលរបស់គ្រួសារត្រកូល Duterte៕