(មូស្គូ)៖ វិមានក្រឹមឡាំង បានឱ្យដឹងថា រាល់ផែនការសន្តិភាពដែលបំផុសគំនិតឡើងដោយ លោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ប៉ុន្តែប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែបើកចំហសម្រាប់ការចរចា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០២៤។

នៅថ្ងៃអង្គារនេះ ទីប្រឹក្សាសំខាន់ៗពីររូបរបស់លោក Trump បានបង្ហាញផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ទៅកាន់ លោក Trump ក្នុងករណីដែលលោកឈ្នះការបោះឆ្នោតប្រធានាធិបតី ខណៈផែនការនោះ គឺរួមមានការប្រាប់អ៊ុយក្រែនថា ទីក្រុងកៀវនឹងពុំអាចទទួលបាន អាវុធពីសហរដ្ឋអាមេរិកទៀតឡើយ លុះត្រាតែព្រមចូលតុចរចាស្វែងរកសន្តិភាព។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ Reuters ថា «តម្លៃនៃផែនការណាមួយ គឺស្ថិតនៅលើការគិតគូរ ពីស្ថានភាពជាក់ស្តែង»។ លោក Peskov បានបន្ថែមថា «លោកប្រធានាធិបតី ពូទីន ធ្លាប់លើកឡើងម្តងហើយម្តងទៀត អំពីការបើកចំហកិច្ចចរចា ដោយគិតគូរពីភាពជាក់ស្តែង ហើយ​ដើម្បី​វាយ​តម្លៃ​ផែនការនោះបាន យើង​ត្រូវ​​ស្គាល់​ខ្លួន​យើង​ជា​មុន​សិន»

គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង សំណើផែនការសន្តិភាពរបស់ លោក ពូទីន នាពេលថ្មីនេះ មិនទាន់មានការទទួលយក ពីលោកខាងលិច ឬអ៊ុយក្រែននៅឡើយទេ៕