(ហ្សឺណែវ)៖ ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន នៃអង្គការសហប្រជាជាតិ (UNRWA) បាននិយាយនៅថ្ងៃអង្គារនេះថា ភាពវឹកវរកំពុងតែកើតមានឡើងនៅក្នុងតំបន់ហ្គាហ្សា ខណៈដែលក្រុមអ្នករត់ពន្ធបានបង្កើតឡើង និងបង្កើនការលំបាកក្នុងការផ្តល់ជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២៤។

លោក Philippe Lazzarini អគ្គស្នងការ UNRWA បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ជាទូទៅ សព្វថ្ងៃនេះ យើងកំពុងប្រឈមមុខនឹងការដួលរលំទាំងស្រុង នៃច្បាប់ និងសណ្តាប់ធ្នាប់» ដោយលោកបានស្តីបន្ទោសមួយផ្នែក ទៅលើការកើនឡើងនៃក្រុមចោរដែលពាក់ព័ន្ធនឹងការរត់ពន្ធបារី។

ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្ន «វាកាន់តែមានភាពស្មុគស្មាញឡើងៗ (ក្នុងការផ្តល់ជំនួយ)»។

គួរបញ្ជាក់ថា UNRWA ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៩ បន្ទាប់ពីសង្គ្រាមអារ៉ាប់-អ៊ីស្រាអែលលើកដំបូង បាននិងកំពុងបន្តផ្តល់ជំនួយផ្សេងៗរួមមានការអប់រំ ការថែទាំសុខភាពបឋម និងជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា វេស្ទ៍ប៊ែង ហ្ស៊កដានី ស៊ីរី និងលីបង់។

កាលពីដើមឆ្នាំនេះ ប្រទេសជាច្រើនបានផ្អាកផ្តល់មូលនិធីទៅឱ្យទីភ្នាក់ងារមួយនេះ បន្ទាប់ពីអ៊ីស្រាអែលបានអះអាងថា បុគ្គលិក UNRWA មួយចំនួនមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។ នៅពេលសួរអំពីការផ្តល់មូលនិធិ លោក Lazzarini បាននិយាយថា ប្រទេសទាំងអស់លើកលែងតែសហរដ្ឋអាមេរិក និងអង់គ្លេស បានបន្តផ្តល់មូលនិធិឡើងវិញ៕