(គូឡាឡាំពួ)៖ ប្រទេសចំនួន២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺម៉ាឡេស៊ី និងថៃ កាលពីពេលថ្មីៗនេះបានបង្ហើបពីផែនការ​ និងឆន្ទៈចង់ចូលរួមជាសមាជិកក្នុងក្រុមប្រទេស BRICS ខណៈបណ្ដាប្រទេស មហាអំណាចកម្រិតមធ្យម កំពុងព្យាយាមការពារ និងស្វែងរកផលប្រយោជន៍សម្រាប់ជាតិរៀងៗខ្លួន ក្នុងបរិបទនៃការកើនឡើងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ក្នុងនោះរួមមានទាំង ការប្រកួតប្រជែង ក៏ដូចជាភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។ ដូច្នេះហេតុអ្វីម៉ាឡេស៊ី និងថៃ ចង់ចូលរួមជាមួយ BRICS ហើយថាតើប្រទេសផ្សេងទៀត ក្នុងតំបន់អាចនឹងធ្វើតាមដែរ ឬក៏យ៉ាងណា?

* អ្វីទៅជាក្រុមប្រទេស BRICS?
BRICS ដែលជាអក្សរកាត់ឈ្មោះក្រុមប្រទេសដូចជា ប្រទេសប្រេស៊ីល (Brazil) រុស្ស៉ី (Russia) ឥណ្ឌា (India) ចិន (China) និងអាហ្វ្រិកខាងត្បូង (South Africa) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៩ ដោយដំបូងឡើយមានឈ្មោះថា BRIC ហើយក្រោយមកបានប្ដូរឈ្មោះទៅជា BRICS ក្នុងឆ្នាំ២០១០ នៅពេលអាហ្វ្រិកខាងត្បូងចូលរួមជាសមាជិកក្នុងប្លុកមួយនេះដែរ។

បើតាមប្រទេសជាសហស្ថាបនិក BRICS ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ នៅក្នុងចំណោមរដ្ឋជាសមាជិក។ បើធៀបទៅនឹង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN) ក្រុមប្រទេស BRICS ធ្វើប្រតិបត្តិការរបស់ខ្លួនដោយមិនមានធម្មនុញផ្លូវការ ឬក៏អគ្គលេខាធិការដ្ឋានអ្វីនោះទេ ពោលគឺត្រឹមជាប្លុក ក្រៅផ្លូវការមួយដែលតែងតែជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីអនុញ្ញាតឱ្យរដ្ឋជាសមាជិកទាំងអស់មានភាពបត់បែនក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ពិភពលោក។ លោកស្រី Alicia Garcia-Herrero ជាមន្ត្រីសា្រវជ្រាវជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Bruegel មានមូលដ្ឋានក្នុងទីក្រុងព្រុចសែល បានកត់សម្គាល់ក្នុងអត្ថបទមួយចេញផ្សាយដោយគេហទំព័រ East Asia Forum ថានៅពេល បង្កើត BRICS ដំបូង ចិនត្រូវបានគេមើលឃើញថាជាអ្នកដឹកនាំប្លុកមួយនេះ ដោយសារតែកំណើនភាគច្រើននៅក្នុងពាណិជ្ជកម្ម គឺមានចិនស្នូលសំខាន់។ តែក្រោយមក BRICS ទាំងមូលមាន សេដ្ឋកិច្ចកាន់តែរីកចម្រើន ជាពិសេសការលេចត្រដែតឡើងរបស់ឥណ្ឌា។ ប្រទេសទាំង៥ ជាសមាជិក BRICS បូកបញ្ចូលគ្នាមានផលិតផលក្នុងស្រុកសរុប ឬ GDP​ ២៥.៨ទ្រីលានដុល្លារ កាលពីឆ្នាំ២០២៣ ឬស្មើនឹង១ភាគ៤ នៃ GDP របស់ពិភពលោក ធៀបទៅនឹង GDP បូកបញ្ចូលគ្នារបស់ក្រុមប្រទេស G7 មាន ៤៦.៨ទ្រីលានដុល្លារ។

* ហេតុអ្វីម៉ាឡេស៊ី និងថៃ ចង់ចូលរួមជាមួយ BRICS?
នៅពេលនិយាយដល់ BRICS ការចូលរួមក្នុងប្លុកមួយនេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តួយ៉ាងដូចជាការវិនិយោគ និងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាសមាជិក ដែលលើកលែង រុស្ស៉ីមួយចេញ សុទ្ធសឹងតែជាមហាអំណាចសេដ្ឋកិច្ចកំពុងរះឡើង។ បើតាមលោកស្រី Hoo Chiew Ping ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីបណ្ដាញក្រុមអ្នកស្រាវជ្រាវ East Asian International Relations Caucus ម៉ាឡេស៊ីមើលឃើញឱកាសដើម្បីចួលរួមក្នុងប្រព័ន្ធពហុភាគីដែលកំពុងរះឡើង ហើយការចូលជាមួយ BRICS ប្រៀបដូចជាការគាំទ្រដល់សណ្ដាប់ធ្នាប់ពិភពលោកពហុប៉ូលថ្មី មួយ ជាជាងបណ្ដោយឱ្យខ្លួនឯងជាប់ផុង ឬកៀបនៅចំកណ្ដាលសង្រ្គាមត្រជាក់ថ្មីមួយនៃការប្រជែងឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិក និងចិន។

ចំណែក ថៃវិញ បាននិយាយថាសមាជិកភាពណាមួយរបស់ខ្លួនក្នុងក្រុមប្រទេស BRICS នឹងជួយពង្រឹងតួនាទីរបស់ថៃក្នុងនាមជាមេដឹកនាំមួយហ្នឹងគេដែរ នៅក្នុងចំណោមក្រុមប្រទេសដែលកំពុង រះឡើងនៅលើឆាកអន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានប្រាប់អ្នកសារព័ត៌មានកាលពីសប្ដាហ៍មុនថាថៃចង់ដើរតួនាទីបន្ថែម និងលើកកម្ពស់សក្ដានុពលរបស់ខ្លួន ដើម្បីធ្វើ កិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសអ្នកមាន និងបណ្ដាប្រទេសមិនសូវមានការអភិវឌ្ឍ ក្នុងការដាក់ចេញគោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍសហគមន៍សកលសំដៅលើកកម្ពស់យុត្តិធម៌ និងសមភាព។ តែអ្នកនាំពាក្យរូបនេះបញ្ជាក់ថាការក្លាយជាសមាជិក BRICS នៅពេលអនាគត មិនមែនមានន័យថាថៃកំពុងជ្រើសរើសឈរនៅខាងភាគីណាមួយនោះទេ។

*​ តើនឹងមានប្រទេសដទៃក្នុងតំបន់អាស៊ីអាគេ្នយ៍ ចង់ក្លាយជាសមាជិក BRICS ដែរឬ?
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi កាលពីដើមឆ្នាំ២០២៤ បាននិយាយថាទីក្រុងហ្សាការតា កំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃនៅឡើយពីផលចំណេញបានពីការចូលរួម ជាសមាជិក BRICS។ ការកត់សម្គាល់បែបនេះរបស់លោកស្រី កើតមានឡើង បន្ទាប់ពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង កាលពីខែសីហា ឆ្នាំ២០២៣ ជាមួយការអំពាវនាវសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងក្នុងការធ្វើពាណិជ្ជកម្ម។ ប៉ុន្តែ នៅពេលនោះ លោក Widodo បានប្រាប់អ្នកសារព័ត៌មានថាបើទោះជាឥណ្ឌូណេស៊ី មានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយសមាជិក BRICS ទាំង៥ ក៏ដោយ «ក៏យើងមិនប្រញាប់ប្រញាល់ចូលរួមក្នុង ប្លុកមួយនេះនោះដែរ»។

ក្រុមអ្នកវិភាគយល់ថាការស្ទាក់ស្ទើររបស់ឥណ្ឌូណេស៊ី ដើម្បីចូលរួមជាមួយ BRICS គឺមកពីចង់បញ្ចៀសកុំឱ្យគេគ្រប់គ្នាមើលឃើញថាឥណ្ឌូណេស៊ីជិតស្និទ្ធនឹងចិនខ្លាំងពេក ក្នុងពេលដែលចិនគឺជាប្រភព វិនិយោគបទេស និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ម្យ៉ាង ឥណ្ឌូណេស៊ីក៏មានបំណងចូលរួមជាមួយអង្គការ OECD ផងដែរ។ OECD ដែលជាក្លឹបប្រទេសអ្នកមានបានបើក កិច្ចពិភាក្សាពីសមាជិកភាពជាមួយឥណ្ឌូណេស៊ី កាលពីខែកុម្ភៈកន្លងទៅ ហើយបើជោគជ័យ នោះឥណ្ឌូណេស៊ីនឹងក្លាយជាសមាជិក OECD ដំបូងគេមកពីតំបន់អាស៊ីអាគ្នេយ៍។ លោក Rahul Mishra ជាសាស្ត្រាចារ្យរងនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃសាកលវិទ្យាល័យ Jawaharlal Nehru បាននិយាយថាចេតនារបស់ថៃ និងម៉ាឡេស៊ី អាចនឹងជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណា ឡើងវិញពីផែនការចូលរួមរបស់ខ្លួនជាមួយ BRICS។ លោកបន្ថែមថាវៀតណាម ក៏អាចនឹងក្លាយជាសមាជិកបន្ទាប់ដែរ ហើយការរីកកាន់តែធំរបស់ BRICS ក៏អាចនឹងកាន់តែទាក់ទាញចំណាប់អារម្មណ៍ និងប្រមូលសំឡេងបន្ថែមពីក្រុមប្រទេស Global South ផងដែរ។ វៀតណាម បានបញ្ជូនប្រតិភូមួយក្រុមចូលរួមកិច្ចសន្ទនា BRICS ជាបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅក្នុងទីក្រុង Nizhny Novgorod ប្រទេសរុស្ស៉ី ក្នុងខែមិថុនានេះ។ ថៃ និងឡាវក៏បានចូលរួមក្នុងកិច្ចសន្ទនានេះដែរ។

* តើសមាជិកភាព BRICS របស់ថៃ និងម៉ាឡេស៊ី នឹងមានន័យយ៉ាងណាចំពោះតំបន់អាស៊ីអាគ្នេយ៍?
ក្រុមអ្នកជំនាញបាននិយាយថាការផ្លាស់ប្ដូរណាមួយ អាចនឹងបង្កបញ្ហាដល់សាមគ្គីភាព និងតួនាទីមជ្ឈភាពនៃក្របខណ្ឌពហុភាគីរបស់អាស៊ាន ដោយប្លុកអាស៊ីអាគ្នេយ៍ចាំបាច់ត្រូវកែសម្រួលក្របខណ្ឌពាក់ព័ន្ធ មួយចំនួន ខណៈសមាជិកក្នុងប្លុករបស់ខ្លួនចង់ភ្ជាប់ចំណងមេត្រីភាពជាមួយប្លុកផ្សេងទៀត។ តែយ៉ាងណាក៏ដោយ អ្នកជំនាញដូចជាលោក Fikry A Rahman មកពីវិទ្យាសា្ថនស្រាវជ្រាវ Bait Al-Amanah ក្នុងប្រទេសម៉ាឡេស៊ី យល់ថាអាស៊ាននឹងនៅតែប្រឹងបន្តរក្សាឱ្យបាននូវតួនាទីដ៏សំខាន់របស់ខ្លួនសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដោយប្រទេសជាសមាជិកនឹងមិនបំផ្លាញគុណតម្លៃនៃប្លុកនេះនោះទេ បើទោះជា លោកផ្ទាល់បញ្ជាក់ថាប្លុកអាស៊ានបានដាក់កំហិតលើតួនាទីរបស់ខ្លួន ក្នុងការបម្រើដល់វត្ថុបំណងរបស់តំបន់ក៏ដោយ។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៤ BRICS បានពង្រីកសមាជិកភាពរបស់ខ្លួនបន្ថែម ទៅកាន់ប្រទេសមួយចំនួនក្នុងនោះរួមមានក្រុមប្រទេស Global South សំខាន់ៗដូចជាអេហ្ស៉ីប អេត្យូពី អ៉ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម។ ប៉ុន្តែ សម្រាប់ក្រុមអ្នកជំនាញ ការបញ្ចូលសមាជិកបន្ថែម ជាពិសេសក្នុងពេលមួយដែលរុស្ស៉ីមានវត្តមានផងដែរនោះ វាអាចជាការបញ្ជូនសញ្ញាបញ្ហាមួយ ទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលអាចនឹងមើលឃើញថា BRICS គឺជាគូសត្រូវប្រឆាំងនឹងផលប្រយោជន៍របស់លោកខាងលិច៕