(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក និងរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី បានជជែកគ្នាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយការផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០២៤។

មន្ទីរបញ្ចកោណ បានឱ្យដឹងថា លោក Lloyd Austin និងលោក Andrei Belousov បានពិភាក្សាអំពីសារៈសំខាន់ នៃការបើកចំហរបណ្តាញទំនាក់ទំនង។ អ្នកនាំពាក្យ លោក Patrick Ryder បានប្រាប់អ្នកយកព័ត៌មានថា លោក Austin ជាអ្នកផ្តួចផ្តើមការសន្ទនានេះ ហើយវាជាជំនួបតាមទូរស័ព្ទលើកដំបូង គិតចាប់តាំងពីខែមីនា ឆ្នាំ ២០២៣។ ចំណែក ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា លោក Belousov បានប្រាប់ លោក Austin អំពីគ្រោះថ្នាក់នៃការបន្តផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី។

គួរបញ្ជាក់ថា សង្រ្គាមរបស់រុស្ស៉ីលើអ៊ុយក្រែន ការកាត់បញ្ចូលតំបន់ចំនួន ៤ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន និងការឈានទៅមុខសន្សឹមៗឆ្លងកាត់ភាគខាងកើតអ៊ុយក្រែន បានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីតោន ធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២៕