(ប៉ាស៉ីហ្វិក)៖ ស្ថាបនិកវែបសាយទម្លាយព័ត៌មានសម្ងាត់ WikiLeaks គឺលោក Julian Assange នៅថ្ងៃពុធនេះ បានដើរចាកចេញពីតុលាការមួយ ស្ថិតនៅកោះប៉ាស៉ីហ្វិក Saipan ដែលជាដែនដីរបស់សហរដ្ឋអាមេរិក ក្នុងនាមជាបុគ្គលលែងមានជាប់ទោសតទៀតហើយ បន្ទាប់ពីរូបលោកបានសុខចិត្ត ឆ្លើយសារភាពកំហុស ក្នុងការបំពានច្បាប់ចារកម្មរបស់សហរដ្ឋអាមេរិក ខណៈការឆ្លើយសារភាពនេះធ្វើឡើង ក្រោមកិច្ចព្រមព្រៀងមួយ ជាមួយទីក្រុងវ៉ាស៉ីនតោន ដែលអនុញ្ញាតឱ្យរូបលោក មានសេរីភាពឡើងវិញ ហើយអាចធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីជួបជុំគ្រួសារសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ការដោះលែងលោក Assange គឺជាការបិទបញ្ចប់សំណុំរឿងផ្លូវច្បាប់ដ៏អូសបន្លាយមួយ មានរយៈពេលសរុបរហូតដល់១៤ឆ្នាំ។ លោក Assange កន្លងមក បានចំណាយពេលជាង៥ឆ្នាំ ជាប់ក្នុងពន្ធនាគាររបស់ចក្រភពអង់គ្លេស ហើយមុនជាប់ពន្ធនាគារ លោកបានសំងំជ្រកកោន ក្នុងស្ថានទូតរបស់​ប្រទេសអេក្វាទ័រ នៅទីក្រុងឡុងដ៍ អស់រយៈពេល៧ឆ្នាំ ហើយអំឡុងពេលទាំងនេះ លោក Assange ត្រូវបានទីក្រុងវ៉ាស៉ីនតោន ស្នើសុំធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ជាទីដែលរូបលោកប្រឈម ការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ សរុប​ចំនួន១៨ករណី។

អំឡុងសវនាការប្រមាណជា៣ម៉ោង នៅកោះខាងលើ លោក Assange បានឆ្លើយសារភាពទោសកំហុស ចំពោះបទចោទប្រកាន់ចំនួន១ករណី ស្តីពីការគប់គិត ដើម្បីទទួលបាន និងទម្លាយឯកសារការពារជាតិសម្ងាត់ៗរបស់រដ្ឋាភិបាលអាមេរិក ប៉ុន្តែបាននិយាយថា កន្លងមក លោកធ្លាប់ជឿជាក់ថា វិសោធនកម្មទី១ នៃរដ្ឋធម្មនុញ្ញអាមេរិក ដែលការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ បានធ្វើជាខែលការពារទង្វើលោក។ តុលាការកោះ Saipan បានទទួលយកចម្លើយសារភាពនោះ រួចសម្រេចដោះលែងរូបលោកឱ្យមានសេរីភាព ដោយសារ​លោកបានអនុវត្តទោសជាប់ពន្ធនាគារ នៅឯចក្រភពអង់គ្លេស រួចទៅហើយ។ ចំណែក សំណើធ្វើបត្យាប័នរបស់រដ្ឋាភិបាលអាមេរិក គឺត្រូវបានទម្លាក់ចោលទាំងស្រុង។

គួរបញ្ជាក់ថា លោក Assange ដែលជាជនជាតិអូស្រ្តាលី មានវ័យ៥២ឆ្នាំ បានជិះយន្តហោះឯកជនចាកចេញពីកោះ Saipan នៃទីប្រជុំកោះ Northern Mariana Islands ដើម្បីឆ្ពោះទៅកាន់ទីក្រុងកង់បេរ៉ានៃប្រទេសអូស្រ្តាលី ជាទីដែលរូបលោក នឹងត្រូវជួបជុំប្រពន្ធនិងកូនលោក។ Saipan ដែលស្ថិតនៅតំបន់ប៉ាស៉ីហ្វិកខាងលិច ក្បែរកោះ Guam ត្រូវបានជ្រើសរើសជាកន្លែងបើកសវនាការ ដោយសារតែលោក Assange បដិសេធធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកតែម្តង និងដោយសារតែ វាមានទីតាំងនៅជិតអូស្រ្តាលីផងដែរ។ ក្រោយការដោះលែង ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសថា លោក Assange នឹងមិនត្រូវអនុញ្ញាតឱ្យត្រឡប់មកជាន់ទឹកដី របស់សហរដ្ឋអាមេរិកវិញឡើយ ប្រសិនបើគ្មានការអនុញ្ញាតទេនោះ៕