(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរី បានឱ្យដឹងនៅថ្ងៃពុធនេះថា គិតចាប់តាំងពីឆ្នាំ២០១៩មក បុរីរដ្ឋមួយនេះរឹបអូសបានទ្រព្យសម្បត្តិសរុបចំនួន ៦ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង៤.៤ពាន់លានដុល្លារអាមេរិក ដែលជាប់ពាក់ព័ន្ធសកម្មភាពឧក្រិដ្ឋកម្ម និងការលាងសំអាតលុយកខ្វក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤។

កាលពីឆ្នាំ២០២៣ សិង្ហបុរីបានបើកប្រតិបត្តិការឆ្មក់បង្រ្កាបជាច្រើន ក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏ធំសម្បើមមួយ គិតជាទឹកប្រាក់ស្មើនឹង ​៣ពាន់លានដុល្លារសិង្ហបុរី ពោលវាគឺជាករណីលាងលុយកខ្វក់ដ៏ធំបំផុតមួយ នៅលើពិភពលោក ហើយជាលទ្ធផល ទ្រព្យសម្បត្តិ រថយន្តថ្លៃៗ និងផលិតផលប្រណិតៗជាច្រើន ត្រូវបានរឹបអូស ខណៈជនបរទេសមួយចំនួន ត្រូវបានឃាត់ខ្លួន។

ថ្លែងនៅថ្ងៃពុធនេះ អំឡុងព្រឹត្តិការណ៍មួយ រៀបចំដោយសមាគមប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុសកល Financial Action Task Force នាយករដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី លោក Lawrence Wong ដែលកាន់តួនាទីជារដ្ឋមន្រ្តីហិរញ្ញវត្ថុផងដែរនោះ បានលើកឡើងថា «ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងធុរកិច្ចអន្តរជាតិមួយ ពួកយើងទទួលស្គាល់ថា យើងប្រឈមហានិភ័យធំ នៃសកម្មភាពលាងលុយ និងហិរញ្ញប្បទានភេរវកម្ម។ ក៏ប៉ុន្តែពួកយើងមានការតាំងចិត្ត យ៉ាងរឹងមាំ ដើម្បីធ្វើរឿងដែលចាំបាច់ ក្នុងគោលដៅឆ្លើយតបចំពោះហានិភ័យ​ទាំងនេះ ហើយរក្សាការពារមុខមាត់របស់សិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលមានការជឿទុកចិត្តខ្ពស់»

គួរបញ្ជាក់ថា ក្នុងចំណោមទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ ៦ពាន់លានដុល្លារសិង្ហបុរីនោះ គឺខ្ទង់៤១៦លានដុល្លារ ត្រូវបានប្រគល់ឱ្យ​ជនរងគ្រោះវិញ ខណៈប្រមាណ១ពាន់លានដុល្លារ ត្រូវបានផ្ទេរចូលរដ្ឋ។ ដោយឡែក ប៉ុន្មានពាន់លានដុល្លារទៀតដែលនៅសល់ គឺកំពុងស្ថិតក្រោមដំណើរការស៉ើបអង្កេត និងនីតិវិធីតុលាការ នៅឡើយ៕