(ប៉េកាំង)៖ រសៀលថ្ងៃទី២៤ ខែមិថុនាលោកស្រី Peng Liyuan ភរិយាលោក Xi Jinping ប្រធានរដ្ឋចិន បានរួមជាមួយលោកស្រី Agata ភរិយាប្រធានាធិបតីប៉ូឡូញដែលអមដំណើរ លោកប្រធានាធិបតីប៉ូឡូញ Duda អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ទៅទស្សនាសាលមហោស្រពជាតិចិន។

ភរិយានៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានអញ្ជើញទស្សនាសំណងនិងបរិក្ខារ នៃសាលមហោស្រពជាតិចិន ព្រមទាំងទស្សនា ការតាំងពិព័រណ៍ពិសេស អំពីស្នាដៃសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបី Yanjing ៨ប្រភេទនៃក្រុងប៉េកាំង។ លោកស្រី Peng Liyuanបានថ្លែងថាប្រទេសយើងទាំងពីរចិននិងប៉ូឡូញ សុទ្ធតែមានប្រពៃណីនិងប្រវត្តិសាស្ត្រដ៏យូរអង្វែង និងវប្បធម៌ដ៏ជ្រាលជ្រៅ។ ប៉ុន្មានឆ្នាំចុងក្រោយនេះការ ផ្លាស់ប្តូររវាងប្រជាជនចិននិងប្រជាជនប៉ូឡូញ មានភាពកាន់តែរស់រវើកពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំជឿជាក់ថា ស្របនឹងការផ្លាស់ប្តូរ ខាងវប្បធម៌ និងការរៀនសូត្រពីគ្នារវាងប្រទេសចិន និងប៉ូឡូញ កាន់តែច្រើនឡើងៗនោះ ការយល់ដឹងពីគ្នានិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក៏នឹងកាន់តែស៊ីជម្រៅថែមមួយកម្រិតផងដែរ។ លោកស្រី Peng Liyuan បានអញ្ជើញលោកស្រី Agata ចូលរួមទស្សនាការសម្តែងសិល្បៈដូចជាតន្ត្រីប្រជាប្រិយចិន និងការប្រគំបទចម្រៀងចិន និងប៉ូឡូញដោយព្យាណូ ជាដើម។

លោកស្រី Agata បានសូមថ្លែងអំណរគុណ ចំពោះលោកស្រី Peng Liyuan ដែលបានទទួលស្វាគមន៍លោកស្រីយ៉ាងរាក់ទាក់កក់ក្តៅ និងប្រកបដោយមេត្រីភាព លោកស្រីក៏វាយតម្លៃខ្ពស់ ចំពោះការសម្តែងសិល្បៈដ៏អស្ចារ្យរបស់សិល្បករចិនផងដែរ។លោកស្រី បានបន្តថា វប្បធម៌ប្រពៃណីចិនមានភាពទូលំទូលាយ និងជ្រាលជ្រៅដែលបានធ្វើឱ្យលោកស្រីមានចំណាប់អារម្មណ៍ ដ៏ល្អប្រសើរនិងជ្រាលជ្រៅ។លោកស្រីសង្ឃឹមថា ភាគីទាំងពីរប៉ូឡូញនិងចិន នឹងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត ក៏ដូចជាបង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដោយឥតឈប់ឈរ៕

វិទ្យុមិត្តភាពកម្ពុជាចិន