(ហ្សាការតា)៖ ទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌូនេស៊ីជាង ៤០ រួមទាំងក្រសួងដែលទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ បានរងផលប៉ះពាល់ដោយការវាយប្រហារតាមអ៊ីនធឺណិត លើមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ការវាយប្រហារនេះ ដែលត្រូវបានគេជឿថាជាការវាយប្រហារដោយកម្មវិធី ransomware បានបង្កឱ្យមានការរំខានដល់សេវាសាធារណៈសំខាន់ៗ រួមទាំងសេវាកម្មអន្តោប្រវេសន៍ និងប្រតិបត្តិការនៅអាកាសយានដ្ឋានធំៗ។

ក្រុម Hacker ដែលបានទទួលខុសត្រូវចំពោះការវាយប្រហារនេះ បានទាមទារប្រាក់លោះចំនួន ៨លានដុល្លារអាមេរិក ដើម្បីស្ដារទិន្នន័យដែលពួកគេបានអ៊ិនគ្រីប (encrypt)។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបដិសេធមិនបង់ប្រាក់លោះនោះទេ ហើយកំពុងខិតខំស្ដារទិន្នន័យឡើងវិញដោយខ្លួនឯង និងសហការជាមួយអ្នកជំនាញក្នុង និងក្រៅប្រទេស។

មកទល់ពេលនេះ ទិន្នន័យនៅទីភ្នាក់ងារមួយចំនួនត្រូវបានស្ដារឡើងវិញហើយ ហើយរដ្ឋាភិបាលបានប្តេជ្ញាថា នឹងស្ដារទិន្នន័យនៅសល់ឡើងវិញក្នុងពេលឆាប់ៗ។ ក្រុមហ៊ុន Telkom ដែលដំណើរការមជ្ឈមណ្ឌលទិន្នន័យដែលរងការវាយប្រហារ បានអះអាងថា ទិន្នន័យរបស់ប្រជាជននៅតែមានសុវត្ថិភាព និងបានចាត់វិធានការដើម្បីការពារពីការវាយប្រហារបន្ថែមទៀត។

ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការស្ដារសេវាកម្ម និងទិន្នន័យឡើងវិញក៏ដោយ ក៏ការវាយប្រហារនេះបានបង្ហាញពីភាពងាយរងគ្រោះនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ឥណ្ឌូនេស៊ី និងបានបង្កើនការព្រួយបារម្ភអំពីសន្តិសុខតាមអ៊ីនធឺណិត។ ការវាយប្រហារនេះក៏បានបង្ហាញពីតម្រូវការ ក្នុងការពង្រឹងសន្តិសុខតាមអ៊ីនធឺណិត និងការការពារទិន្នន័យសំខាន់ៗរបស់រដ្ឋាភិបាល និងប្រជាជនផងដែរ៕