(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនានេះបានឱ្យដឹងថាយន្ដហោះយោធាចិន ៣៥គ្រឿង បានធ្វើសកម្មភាពនៅជុំវិញដែនកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថាយន្ដហោះយោធាចិន ៣៥គ្រឿង និងនាវាចម្បាំង២គ្រឿង បានធ្វើប្រតិបត្តិការជុំកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៦ព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ចិនបានអះអាងថាតៃវ៉ាន់ ជាផ្នែកមួយទឹកដីរបស់ខ្លួន ហើយក៏បានព្រមានជារឿយៗផងដែរថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ នៅក្នុងករណីចាំបាច់។ អមជាមួយការសម្លុតគំរាមដោយផ្ទាល់មាត់ ប៉េកាំងបានបង្កើនដាក់សម្ពាធលើទីក្រុងតៃប៉ិ កាន់តែខ្លាំងឡើង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងបានធ្វើសមយុទ្ធយោធាឡោមព័ទ្ធ ដែនកោះតៃវ៉ាន់ បន្ទាប់ពីលោក Lai Ching-te ដែលប៉េកាំងចាត់ទុកថា «ជាជនឧទ្ទាមផ្ដាច់ខ្លួនដ៏មានគ្រោះថ្នាក់» បានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ កាលពីខែឧសភាកន្លងទៅ។

តាមក្រសួងការពារជាតិតៃវ៉ាន់ ក្នុងសមយុទ្ធនោះដែរ ចិនបានបញ្ជូនយន្ដហោះយោធា ៦២គ្រឿង ធ្វើសកម្មភាពជុំវិញតៃវ៉ាន់ ដែលនេះជាវត្តមានយន្ដហោះយោធាចិន ច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃ ក្នុងឆ្នាំ២០២៤នេះ៕