(ឡាប៉ាស)៖ កងកម្លាំងប្រដាប់អាវុធបូលីវី បានដកថយចេញពីវិមានប្រធានាធិបតីក្នុងទីក្រុង ឡាប៉ាស (La Paz) កាលពីថ្ងៃពុធ ទី២៦ ខែមិថុនា (ម៉ោងក្នុងតំបន់) ហើយ ឧត្តមសេនីយ៍ម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់លោកប្រធានាធិបតី Luis Arce ថ្កោលទោសការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក និងអំពាវនាវការគាំទ្រពី អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីព្រឹកថ្ងៃពុធ កងកម្លាំងយោធាដឹកនាំដោយលោកឧត្តមសេនីយ៍ Juan Jose Zuniga ដែលទើបតែត្រូវបានដកសិទ្ធិអំណាចយោធាថ្មីៗនេះបានប្រមូលផ្ដុំគ្នានៅឯទីលាន Plaza Murillo ជាទីដែលវិមានប្រធានាធិបតី និងសភាស្ថិតនៅ។ សាក្សីម្នាក់បានប្រាប់ Reuters​ ថារូបគេបានឃើញរថពាសដែកមួយគ្រឿងបុកទម្លុះទ្វារវិមានប្រធានាធិបតី ហើយទាហានជាច្រើននាក់បានសម្រុកចូលទៅខាងក្នុង។

ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក លោក Zuniga បានជំរុញឱ្យទាហានដកថយចេញពីទីលាន Plaza Murillo បន្ទាប់ពីមេដឹកនាំមកពីជុំវិញពិភពលោកថ្កោលទោសសកម្មភាពរបស់ កងទ័ពថាជាទង្វើខុសច្បាប់។ ព្រមពេលជាមួយគ្នា អាជ្ញាធរបូលីវីបានឃាត់ខ្លួនលោក Zuniga តែមិនទាន់ដឹងថាលោកត្រូវបានគេនាំយកទៅ ទីណានោះទេ ខណៈនៅឯ វិមានប្រធានាធិបតីវិញ លោក Arce បានតែងតាំងលោក José Wilson Sanchez ឱ្យកាន់តំណែងជំនួសលោក Zuniga ជាមេបញ្ជាការយោធាថ្មី។

គួរបញ្ជាក់ថា ភាពតានតឹងខាងលើបានកើតឡើង នៅមុនពេលប្រទេសបូលីវី ត្រៀមរៀបចំការបោះឆ្នោតសកលនៅឆ្នាំ២០២៥ ហើយអតីតប្រធានាធិបតី លោក Evo Morales មានគម្រោងចូលរួមឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ប្រជែងជាមួយលោក Arce ដែលជាអតីតសម្ព័ន្ធមិត្តរបស់លោក៕