(ដូហា)៖ ប្រធានគោលនយោបាយការបរទេស របស់អង្គការសហប្រជាជាតិ (UN) លោកស្រី Rosemary DiCarlo កិច្ចប្រជុំមួយដឹកនាំដោយ UN ជាមួយក្រុមតាលីបង់ របស់អាហ្វហ្កានីស្ថាន នៅប្រទេសកាតា ក្នុងចុងសប្តាហ៍នេះ នឹងមិនដើម្បីពិភាក្សា អំពីការទទួលស្គាល់ក្រុមនេះ ជាអន្តរជាតិនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ ២០២៤។

កិច្ចប្រជុំដែលនឹងមានការចូលរួមដោយបេសកជនមកពី ២៥ប្រទេស និងជាកិច្ចប្រជុំលើកទី ៣ក្នុងទីក្រុងដូហា ប៉ុន្តែចូលរួមលើកដំបូង ដោយក្រុមតាលីបង់។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើទំនាក់ទំនងជាមួយក្រុមតាលីបង់ និងរកមធ្យោបាយកែលម្អជីវិតរស់នៅ របស់ជនជាតិអាហ្វហ្គានីស្ថាន រាប់លាននាក់។ កិច្ចប្រជុំនាចុងសប្តាហ៍នេះ ក៏នឹងមានវគ្គស្តីពីធុរកិច្ចផ្នែកឯកជន និងការប្រឆាំងគ្រឿងញៀនផងដែរ។

លោកស្រី DiCarlo ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «នេះមិនមែនជាកិច្ចប្រជុំដើម្បីទទួលស្គាល់ និងមិនមែនជាកិច្ចប្រជុំដែលនាំទៅរក ការទទួលស្គាល់ ហើយការរចូលរួមរបស់តាលីបង់​ មិន​មែន​មាន​ន័យ​ថា ជា​ទទួល​ស្គាល់​នោះទេ។ វាជាកិច្ចប្រជុំដើម្បីប្រទេស និងប្រជាជនអាហ្វហ្កានីស្ថាន»

គួរបញ្ជាក់ថា ចាប់តាំងពីត្រលប់មកគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន នៅឆ្នាំ ២០២១ អន្តរជាតិមិនបានទទួលស្គាល់ក្រុមនេះ ជារដ្ឋាភិបាលផ្លូវការនោះទេ។ ក្រុមសិទ្ធិមនុស្សបានរិះគន់ UN ចំពោះការមិនយកបញ្ហាសិទ្ធិស្រ្តីអាហ្វហ្កានីស្ថាន មកដាក់លើតុចរចាជាមួយក្រុមតាលីបង់ ក្នុងកិច្ចប្រជុំទីក្រុងដូហា៕