(ម៉ានីល)៖ ប្រធានាធិបតី លោក Ferdinand Marcos Jr បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រៅពីការតវ៉ា ប្រទេសរបស់លោក ត្រូវតែធ្វើអ្វីបន្ថែមទៀត ឱ្យលើសពីនេះ ឆ្លើយតបសកម្មភាពខុសច្បាប់របស់ចិន ប្រឆាំងមកលើកងទ័ពជើងទឹកហ្វីលីពីន អំឡុងបេសកកម្មផ្គត់ផ្គង់ដល់កងទ័ព កាលពីសប្តាហ៍មុន នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ ២០២៤។

លោក Marcos បានប្រាប់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «យើងបានដាក់លិខិតតវ៉ារាប់រយសន្លឹក យើងក៏បានចាត់វិធានការការទូត ស្រដៀងគ្នានេះដែរ ដូច្នេះយើងត្រូវតែធ្វើឱ្យលើសពីនេះ»។ លោក Marcos និយាយថា «គ្មានការបាញ់ប្រហារណាមួយកើតឡើងទេ កាលពីថ្ងៃទី១៧ ខែមិថុនា ដូច្នេះសកម្មភាពរបស់ឆ្មាំសមុទ្រចិន មិនអាចចាត់ទុកថាជាដើម្បីការពារខ្លួនឡើយ ប៉ុន្តែវាគឺជាសកម្មភាពដោយចេតនា ដើម្បីរារាំងជនជាតិរបស់យើង» ពីការផ្តត់ផ្គង់ដល់កងទ័ពរបស់ខ្លួន ដែលឈរជើងនៅតំបន់មានវិវាទ Second Thomas Shoal។ ស្ថានទូតចិន ប្រចាំទីក្រុងម៉ានីល មិនទាន់ឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយនៅឡើយទេ។

គួរបញ្ជាក់ថា នាវិកហ្វីលីពីនម្នាក់បានរងរបួស បន្ទាប់ពីយោធាអះអាងថា ឆ្មាំសមុទ្រចិនបើកនាវាបំបុកក្នុងល្បឿនលឿនដោយចេតនា ពេលដែលហ្វីលីពីនបំពេញបេសកម្មផ្គត់ផ្គង់ដល់កងទ័ពរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង។ ចំណែក ក្រសួងការបរទេសចិនជំទាស់ថា សកម្មភាពរបស់ឆ្មាំសមុទ្ររបស់ពួកគេគឺស្របច្បាប់៕