(ប៉េកាំង)៖ ក្រោយពីពេលដែលពិភពលោកឈានចូលយុគសម័យទំនើប ផលប៉ះពាល់ចំពោះបរិស្ថានដែលបណ្តាលមកពី ការអភិវឌ្ឍជ្រុលនូវឧស្សាហកម្មប្រពៃណី បានក្លាយជាកង្វល់រួមរបស់សហគមន៍អន្តរជាតិ ដូចនេះ បណ្តាប្រទេសនានាបាននាំគ្នារិះរក គ្រប់វិធានការដើម្បីប្រែក្លាយពីការអភិវឌ្ឍ ដែលជាថ្នូរជាមួយនឹង ការប៉ះពាល់ដល់ បរិស្ថានទៅជាការអភិវឌ្ឍបៃតងវិញ។

បន្ទាប់ពីដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង ប្រទេសចិនក៏ចាប់ផ្តើមអនុវត្តវិធានការ ពាក់ព័ន្ធមួយចំនួន ក្នុងនោះ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបញ្ចេញកាបូន ក្នុងជីវភាពប្រចាំថ្ងៃជាភារកិច្ចគន្លឹះមួយ។ កាលពីមុន នៅតាមទីក្រុងធំៗរបស់ចិន រថយន្តប្រើសាំងជាមធ្យោបាយធ្វើដំណើរ ដែលមិនអាចខ្វះបាន។ យ៉ាងណាមិញ ចាប់ពីឆ្នាំ ២០០១ មក រដ្ឋាភិបាលចិនបានដាក់បញ្ចូល ការផលិតនិងអភិវឌ្ឍរថយន្តថាមពលថ្មីឬរថយន្តអគ្គិសនី ជាគម្រោងសំខាន់នៃគោលនយោបាយជាតិ។

បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ បច្ចេកទេសផលិតរថយន្តអគ្គិសនីរបស់ចិន មានភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងដំណាក់កាលដំបូង ដែលសាកល្បងឱ្យប្រើប្រាស់រថយន្តអគ្គិសនី រដ្ឋាភិបាលចិនបានលើកទឹកចិត្តឱ្យពលរដ្ឋ ដែលមិនទាន់មានរថយន្តប្រើប្រាស់ទិញ រថយន្តអគ្គិសនីជំនួស រថយន្តប្រើសាំង ដោយបានជួយឧបត្ថម្ភប្រាក់មួយចំនួនសម្រាប់ទិញ។

ពីដំបូង ការពិបាករកកន្លែងសាកអគ្គិសនីជាកង្វល់ ដែលនាំឱ្យអ្នកប្រើប្រាស់ជាច្រើនមិនសូវចង់ទិញ រថយន្តអគ្គិសនីទេ តែក្រោយមក ស្ថានីយឬទីតាំងសម្រាប់ សាកអគ្គិសនី បានដាក់ពង្រាយតាមដងវិថីមួយចំនួនធំ តាមអង្គភាពការងារនិងតាមសហគមន៍រស់នៅ ពោលគឺអាចសាកអគ្គិសនីឱ្យរថយន្ត បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។

អ្វីដែលគួររំលឹកគឺថា រថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន មិនត្រឹមត្រូវសន្សំសំចៃថាមពល និងការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែស្របតាមការវិវឌ្ឍរីកចម្រើន នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រថយន្តអគ្គិសនីមានភាពស្រស់ស្អាត ទំនើបនិងវៃឆ្លាត ដែលបំពេញតាមតម្រូវការទាំងផ្នែកសោភណភាពផង និងផ្នែកប្រើប្រាស់ផង។

ប្រទេសចិនបានដាក់ចេញគោលដៅ «កាបូនពីរ» ពោលគឺការសម្រេចបាននូវការកាត់បន្ថយការបញ្ចេញ កាបូនបន្ទាប់ពីឡើងដល់ ចំណុចកំពូលនៅឆ្នាំ២០៣០ និងអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៦០។ ក្នុងន័យនេះ ការប្រើប្រាស់រថយន្តអគ្គិសនីជាវិធានការសំខាន់មួយ ដើម្បីកាត់បន្ថយការបញ្ចេញកាបូនក្នុងជីវភាពប្រចាំថ្ងៃ និងបានក្លាយជាចរន្តសំខាន់ដែលប្រជាពលរដ្ឋ ចូលរួមចំណែកដោយផ្ទាល់ ក្នុងផែនការអភិវឌ្ឍន៍បៃតងរបស់ប្រទេសជាតិ។

តាមទិន្នន័យដែលប្រកាសដោយសម្ព័ន្ធទិន្នន័យធំ នៃរថយន្តអគ្គិសនីជាតិចិនឱ្យដឹងថា ពីខែមករាដល់ខែមីនាឆ្នាំ ២០២៤ រថយន្តអគ្គិសនីនៅទូទាំងប្រទេសចិន បានរួមចំណែកដល់ការកាត់បន្ថយ ការបញ្ចេញកាបូនសរុប ២៥.១៧ លានតោន ដែលកើនឡើង ៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ បើតាមការស្រាវជ្រាវរបស់ប្រទេសប្រេស៊ីល រថយន្តអគ្គិសនីរត់ចម្ងាយ មួយគីឡូម៉ែត្របញ្ចេញកាបូន ១៥១ ក្រាម ឯរថយន្តប្រើសាំងបញ្ចេញកាបូន ២៩១ ក្រាម ច្រើនជាងរថយន្តប្រើអគ្គិសនីសុទ្ធជិតទ្វេដង ។ ចំណែកការសិក្សាស្រាវជ្រាវ របស់សហរដ្ឋអាមេរិកវិញឱ្យដឹងថា រថយន្តអគ្គិសនីរត់ចម្ងាយមួយគីឡូម៉ែត្រ បញ្ចេញកាបូន ១៨០ ក្រាម ឯរថយន្តប្រើសាំងបញ្ចេញកាបូន ២៦០ ក្រាម ច្រើនជាងរថយន្តប្រើអគ្គិសនីសុទ្ធជិត ១.៥ ដង ។

តាមទិន្នន័យខាងលើយើងអាចយល់ដឹងយ៉ាងច្បាស់ថា រថយន្តអគ្គិសនីបានដើរតួនាទីមិនអាចខ្វះបាន ក្នុងការធ្វើបរិវត្តកម្មពី ការអភិវឌ្ឍបែបប្រពៃណី ទៅជាការអភិវឌ្ឍបៃតង ហើយប្រទេសចិនក៏មានឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសដើម្បីរួមគ្នាសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ដែលមានភាពចាស់ទុំមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏បានវិនិយោគនៅ ប្រទេសជាច្រើនដើម្បីចែករំលែក បទពិសោធនិងផ្តត់ផ្គត់ផលិតផលបៃតងដល់ប្រជាជនលើពិភពលោក ដើម្បីរួមចំណែកដល់ ការកាត់បន្ថយការបញ្ចេញកាបូន។ ប៉ុន្តែជាការសោកស្តាយ ការស្ទុះឡើងនៃសហគ្រាសផលិតរថយន្តអគ្គិសនីចិន ដែលបានចំណាយពេលខិតខំ ស្រាវជ្រាវនិងអភិវឌ្ឍអស់រយៈពេលរាប់សិបឆ្នាំ ទម្រាំបានសមិទ្ធផល ដូចសព្វថ្ងៃបែរជារង ការច្រណែនឈ្នានីសពីប្រទេសមួយចំនួន ហើយមួលបង្កាច់និងលាបពណ៌ថា ផលិតកម្មរថយន្តអគ្គិសនីរបស់ចិនមានអតិរេក និងត្រៀមដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន។

បើតាមស្ថិតិ ការផ្គត់ផ្គង់រថយន្តអគ្គិសនីក្នុងប្រទេសចិន មិនទាន់អាចបំពេញតាមតម្រូវការផង ចុះមានអតិរេកមកពីណ ? ពិសេសបច្ចុប្បន្ននេះ មានប្រទេសជាច្រើន ទើបចាប់ផ្តើមធ្វើបរិវត្តកម្មបៃតង និងទើបចាប់ផ្តើមប្រើប្រាស់រថយន្តអគ្គិសនី ជំនួសឱ្យរថយន្តប្រើសាំង យើងមិនពិបាកមើលឃើញទេថា តម្រូវការចំពោះ រថយន្តអគ្គិសនីមានតែច្រើនឡើងៗ ដូច្នេះការលើកឡើងថា មានអតិរេកជាគំនិតគ្មានឡូហ្ស៊ីក និងដើម្បីធ្វើជាលេសគាបសង្កត់សហគ្រាសចិនតែប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រទេសភាគច្រើនលើសលប់ រំពឹងថា ផលិតផលបៃតងរបស់ចិននឹងរួមចំណែកដល់ការអភិវឌ្ឍបៃតងរបស់ពួកគេ។

ការអភិវឌ្ឍប្រកបដោយចីរភាពជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍបៃតងជា ភារកិច្ចចម្បងក្នុងយុគសម័យនេះ ដែលតម្រូវឱ្យប្រទេសនានាចាប់ដៃធ្វើការជាមួយគ្នា តែមិនមែនគាបសង្កត់គ្នា ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ភពផែនដីដែលមានតែមួយគត់ត្រូវការកម្លាំងសាមគ្គីរបស់ប្រទេសនានា ដើម្បីរួមគ្នាអភិរក្សឱ្យ បានគង់វង្សយូរអង្វែង៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន