(ហាណូយ)៖ ក្រសួងផែនការ និងវិនិយោគវៀតណាម គ្រោងនឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត (AI) ដែលនឹងផ្តោតលើការបណ្តុះបណ្តាល និងការអនុវត្ត AI ក្នុងគោលបំណងជំរុញការអនុវត្តបញ្ញាសិប្បនិម្មិតទូទៅ (AIG) នៅក្នុងសហគ្រាស នេះបើយោងតាមសារព័ត៌មាន Vietnam News បានរាយការណ៍កាលពីថ្ងៃពុធ។

គម្រោងនេះមានគោលបំណងពន្លឿនការអភិវឌ្ឍធនធានមនុស្ស និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់សម្រាប់ការស្រាវជ្រាវ និងការអនុវត្ត AIG ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធអេកូ AI ផងដែរ នេះបើយោងតាមរបាយការណ៍ដដែល។

ក្រសួងបាននិយាយថា គម្រោងនេះក៏មានគោលបំណងទាក់ទាញដើមទុនសម្រាប់ក្រុមហ៊ុន AI ថ្មីថ្មោងនៅវៀតណាមផងដែរ។

យោងតាមក្រសួង ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសឈានមុខគេទាំង៤ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងកំពូលទាំង ៥០ប្រទេសនៅលើពិភពលោក ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងអនុវត្ត AI។

គួរបញ្ជាក់ថា វៀតណាមមានក្រុមហ៊ុន AI ឈានមុខគេចំនួន១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានមជ្ឈមណ្ឌលផ្ទុកទិន្នន័យធំ (big data) និងមជ្ឈមណ្ឌលគណនាដំណើរការខ្ពស់ (high-performance computing) ចំនួនបី និងសំណុំទិន្នន័យបើកចំហ (Open Datasets) និងសំណុំទិន្នន័យភ្ជាប់ទំនាក់ទំនងគ្នា (Interconnected Datasets) ជាច្រើនទៀត ដែលជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដ៏សំខាន់ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍ AI៕