(សេអ៊ូល)៖ ប្រធានចារកម្មសហរដ្ឋអាមេរិក លោកស្រី Avril Haines នឹងទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយជួបជាមួយប្រធានាធិបតី លោក Yoon Suk Yeol នៅថ្ងៃសុក្រសប្តាហ៍នេះឮ​ដើម្បីពិភាគអំពីភាពតានតឹងកាន់តែកើនឡើងនៅឧបទ្វីបកូរ៉េ និងកិច្ចព្រមព្រៀងថ្មីៗនេះរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង ដែលសន្យាពង្រឹងទំនាក់ទំនងយោធាកាន់តែជិតស្និទ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

កាសែតក្នុងស្រុក Joongang Ilbo បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីសន្តិសុខជាតិ ដែលសុំមិនបញ្ចេញឈ្មោះថា លោកស្រី Haines នឹងជួបជាមួយលោក Yoon ដើម្បីពិភាក្សាអំពីទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង ដែលកាន់តែស៊ីជម្រៅ និងចលនាបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង។ មន្ត្រីរូបនេះត្រូវបានដកស្រង់សម្តីថា ការប្រជុំនេះនឹងមិនមានលក្ខណៈផ្លូវការទេ ហើយមិនមានផែនការធ្វើឱ្យការពិភាក្សារបស់ពួកគេជាសាធារណៈនោះទេ។ តែទោះយ៉ាងណា ការិយាល័យរបស់លោក Yoon បាននិយាយថា មិនអាចបញ្ជាក់ពីរបាយការណ៍នេះបានទេ។

គម្រោងជំនួប្រជុំនេះ កើតឡើងបន្ទាប់ពីកូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានសាកល្បងដោយជោគជ័យ នូវមីស៊ីលដែលអាចដាក់ពង្រាយក្បាលគ្រាប់ជាច្រើនវាយប្រហារគោលដៅផ្សេងៗគ្នា។

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចុះហត្ថលេខាលើកតិកាសញ្ញាការពារគ្នាទៅវិញទៅមក ដែលធ្វើឱ្យមន្ត្រីនៅទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភ ទាក់ទងនឹងការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងបានផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៊ីដើម្បីប្រយុទ្ធនឹងអ៊ុយក្រែន។

ទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់បែបនេះ៕